Register Already an agent ? Login

ភ្ញៀវទេសចរបរទេសជិត ៤លាននាក់ចូលមកទស្សនាកម្ពុជា កើនជាង២០០% ៩ខែ ឆ្នាំ២០២៣

ភ្នំពេញ៖ ចាប់​​ពី​ខែមករា​ ដល់ខែកញ្ញា ឆ្នាំ២០២៣ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប​សរុប ៣,៩២៦,៨៨២​នាក់ កើន ២១០,២​%​ បើ​ធៀបនឹងគ្រា​ដូចគ្នា​ឆ្នាំ២០២២ ដែលមាន​ចំនួន ១,២៦៥,៧៧២​នាក់​។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍ខាងលើ បានបន្តឱ្យដឹងថា ភ្ញៀវបរទេសភាគច្រើនមកពីប្រទេស​ថៃ វៀតណាម ចិន និង​ប្រទេស​ឡាវ មាន​សរុប ២,៧២៦,៧៨៧​នាក់ ដែល​ស្មើនឹង ៦៩,៤៤% ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​។​

ក្នុងនោះ ​ថៃ មាន​ចំនួន ១,៣៣៩,៥៤០​នាក់ (​ស្មើ ៣៤,១% ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប​) កើនឡើង ១៨៩,៥​%​, វៀតណាម ៧៣០,០៧៥នាក់ ​១៨,៦% កើន ១៥៦%​, ចិន ៤០៥,៥១៤នាក់ ១០,៣% ​កើន ៥៤៩,៦%​, និង​ប្រទេស​ឡាវ ២៥១,៦៥៨នាក់ ៦,៤% កើន ៥៤៨,៩%​។

​បើតាមរបាយការណ៍ ដដែលបានបន្ថែមថា ​ភ្ញៀវ​មកពី​ប្រទេស​សំខាន់ៗ​ផ្សេងទៀត​រួមមាន៖ អាមេរិក ១២៩,០៦៨នាក់ ​៣,៦% កើន ១៥៩,២​%​, កូរ៉េ ១២៥,៧៣២​នាក់ ៣,២% កើន ២៤៥,៤%, ឥណ្ឌូនេស៊ី ៩៣,១៦៦នាក់​ ២,៤​% កើន ៨៦,៧​%​, បារាំង ៧៣,៦៣២នាក់ ១,៩% កើន ១៣៦,៣%​, រុស្ស៊ី ៦៨,៤៦៩នាក់ ១,៧% កើន ៣៦១,១% និង​ចក្រភព​អង់គ្លេស ៦៨,២២៩នាក់ ១,៧% កើន​ចំនួន​ ២០៣,៦%​។

​សូមរម្លឹកថា កាលពី​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨លាន​នាក់ កើន ១ ០៥៩% ​ធៀប​ឆ្នាំ​ ២០២១​។ ភ្ញៀវ​មកពី​ប្រទេស​ថៃ វៀតណាម ឡាវ និង​ចិន ក្នុង​ឆ្នាំ​២០២២ មាន​ចំនួន​សរុប ១ ៥១៦ ៨៥៥​នាក់ ស្មើនឹង ៦៦,៦២% ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)