Register Already an agent ? Login

លោក ឃួង ស្រេង៖ ការវិនិយោគចិនលើការសាងសង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ជាផ្សារបោះដុំដ៏ធំនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ការវិនិយោគរបស់ភាគីចិនលើការសាងសង់ផ្សារបោះដុំអាស៊ានអន្តរជាតិគឺជាផ្សារបោះដុំដ៏ធំនៅរាជធានីភ្នំពេញ។ បើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ការថ្លែងបញ្ជាក់បែបនេះ របស់ ឃួង ស្រេង នាឱកាសបានអញ្ជើញរួមគ្នាជាមួយ លោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ឬហៅថា ផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ មានស្តង់លក់ដូរចំនួន ៦,០០០ស្តង់ កាលពីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

«នេះជាការវិនិយោគសាងសង់ទីផ្សារដ៏មានសក្តដានុពល ដែលរាជធានីភ្នំពេញចង់បាន»។ បើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង បានបន្តថា ក្រោយពីទទួលបានអនុសាសន៍ ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ ដំណើរការសាងសង់ក៏ចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ លើផ្ទៃដីជាង២០ហិកតា ដោយសមាគមអភិវឌ្ឍន៏ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន។

ទីតាំងផ្សារបោះដុំនេះស្ថិតលើដងវិថីឈ្នះៗជាចំណុចកណ្តាលនៃការចែកចាយទំនិញ ហើយប្រទេសជិតខាង ពិសេសអ្នកវិនិយោគមកពីប្រទេសចិនអាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះ។ បើតាមការបន្តទៀតរបស់ លោក ឃួង ស្រេង បានបន្ថែមថា សប្រាប់អាជីវករដែលមានបំណងមកលក់ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុននឹងមិនយកថ្លៃស្តង់រយៈពេល២ឆ្នាំ។

លោក Wang Wen Tian បានអបអរសាទរចំពោះគំរោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ។ លោក បានលើកឡើងថា នេះជាការបង្ហាញ ឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រត្បូងពេជ្រកម្ពុជា-ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូត បានបន្តថា ខ្ញុំរីករាយពេលបានឃើញពីការយកចិត្តទុកដាក់នឹងគាំទ្រគម្រោងរបស់ចិននៅរាជធានីភ្នំពេញ ហើយស្ថានទូតចិន នឹងបន្តកិច្ចសហការវិនិយោគនៅរាជធានីភ្នំពេញតាមរយៈការជំរុញវិនិយោគិន របស់ចិនមកវិនិយោគនៅកម្ពុជា និយាយដោយឡែកនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)