Register Already an agent ? Login

ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានឡើងវិញថានឹងសម្រេចបានកំណើន ៥,៦% ប៉ុន្តែក៏មានការប្រែប្រួល

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានឡើងវិញថានឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦% ប៉ុន្តែ អនុវិស័យគាំទ្រកំណើនមានការប្រែប្រួលធៀបនឹងការរំពឹងទុកកាលពីដើមឆ្នាំ។ បើតាម ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

អនុវិស័យកាត់ដេរ ត្រូវបានប៉ាន់ស្មានថា មានកំណើនថមថយខ្លាំង ខណៈ ដែលអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រផ្សេង ទៀត ត្រូវវបានវាយតម្លៃឡើងវិញថា នឹងសម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុក។

ដាក់ស្តែង ការថមថយនៃអនុវិស័យ កាត់ដេរនេះ បណ្តាលមកពីការធ្លាក់ចុះតម្រូវការជាសកល ជាពិសេស ពីប្រទេសដៃគូពាណិជ្ជកម្ម ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈ ដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាកំណើនរឹងមាំ ដូចការរំពឹងទុក ដោយសារសក្តានុពលខ្ពស់នៃសកម្មភាពផលិតកម្មបម្រើឱ្យការនាំចេញមួយចំនួន រួមមាន៖ គ្រឿងបង្គុំសូឡា, កង់ និងសំបកកង់, ព្រមទាំងផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុក ជាពិសេស ផលិតកម្មចំណីអាហារ និងភេសជ្ជៈ និងឧស្សាហកម្ម ដីឡើងយានយន្ត ជាដើម។

អនុវិស័យសំណង់ និងអចលនទ្រព្យ នៅបន្តកំណើនវិជ្ជមានទាប ដោយសារការបន្តធ្លាក់ចុះសកម្មភាពសំណង់និងចរន្តទិញ-លក់លំនៅឋានថ្លៃខ្ពស់ ប៉ុន្តែត្រូវបានប៉ះប៉ូវដោយកំណើនសកម្មភាពសំណង់ និ ចរន្តទិញ- លក់លំនៅឋានថ្ងៃទាប់ ក៍ដូចជាសំណង់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។

វិស័យកសិកម្ម នៅបន្តរក្សាកំណើនវិជ្ជមាន ប៉ុន្តែមានការកើនឡើងទាបជាងការរំពឹងទុក ដោយសារការថមថយនៃអនុវិស័យដំណាំ ជាពិសេស ស្រូវវស្សាបណ្តាលមកពីកត្តាអាកាសធាតុ និងការថមថយនៃអនុវិស័យចិញ្ចឹមសត្វ ដូចជា ផលិតកម្មជ្រូក និងភាពមាន កម្រិតនៃសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងការនាំចូលពីក្រៅប្រទេស។

យ៉ាងណាមិញ កំណើនក្នុងឆ្នាំ២០២៣ ត្រូវបានជំរុញដោយការកើនឡើងខ្ពស់ជាងការរំពឹងទុកនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន (វិស័យទេសចរណ៍) គាំទ្រដោយការកាត់បន្ថយរបាំងធ្វើដំណើរជាអតិបរមាក្នុងកម្រិតសកល និងអនុវិស័យគាំទ្រផ្សេងទៀត ដូចជា៖ អនុវិស័យដឹកជញ្ចូន និងអនុវិស័យលក់ដុំ-រាយ ជាដើម។ បន្ថែមលើនេះ ការប្រារព្ធកីឡាស៊ីហ្គេម និងអាស៊ានប៉ារាំហ្គេមក្នុងឆ្នាំនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជា បានទាក់ទាញទេសចរអន្តរជាតិ មកកម្ពុជាបន្ថែមទៀត។

ការបន្តកើនឡើងនៃទេសចរអន្តរជាតិនេះ និងការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាពិសេស ការដាក់ចេញនូវកញ្ចប់អន្តរាគមន៍សម្រាប់គ្រួសារងាយរងហានិភ័យ ក៍បង្កើតផលជះវិជ្ជមានទៅលើអនុវិស័យផ្សេងទៀតផងដែរ ជាពិសេស សកម្មភាពប្រើប្រាស់ក្នុងស្រុក ក៏ដូចជាសេវាកម្មគាំទ្រផ្សេងទៀត។

សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាព ល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅនិងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវពឹន្នាការកំណើនល្អជាវិជ្ជមាន។

ទន្ទឹមនេះ ការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បាននិងកំពុងជួយស្ដារវិស័យចន្ទល់កំណើនដែលមានស្រាប់ និងជំរុញការអភិវឌ្ឍដល់វិស័យសក្ដានុពលថ្មីៗ រួមមាន៖ ការអភិវឌ្ឍសហត្រាសធនតូច និងមធ្យម, អនុវិស័យកម្មសាលមិនមែនកាត់ដេរ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីជីថល និងបៃតង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)