Register Already an agent ? Login

CDC បានអនុម័តគម្រោងវិនិយោគទុនជិត៤ប៊ីលានដុល្លារ ខណៈ ទុនវិនិយយោគចិនប្រមាណ៧៦%

ភ្នំពេញ៖ រយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានទំហំទុនប្រមាណជិត ៤ប៊ីលានដុល្លារ ក្នុងនោះ ទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ដឹកនាំដោយ លោក Lin Shiqiang ប្រធានសមាគម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដិការ ក.អ.ក.។

នៅក្នុងជំនួបនេះ លោក ជា វុទ្ធី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូសភាពាណិជ្ជកម្មចិន និងបានលើកឡើងអំពីសារៈសំខាន់ចំពោះ កិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនប្រមាណជិត ៤ប៊ីលានដុល្លារ ក្នុងនោះ ទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%។ បើតាមការលើកឡើងឱ្យពី លោក ជា វុទ្ធី ជម្រាបជូនទៅ គណៈប្រតិភូសភាពាណិជ្ជកម្មចិន។

មានមតិក្នុងកិច្ចប្រជុំនេះ លោកប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ អគ្គលេខាធិការ ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបពិភាក្សាការងារ ដែលការណ៍នេះបានបង្ហាញពីការយកចិត្តទុកខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំពោះវិនិយោគិនចិន។ នាឱកាសនោះ លោកប្រធានគណៈ ប្រតិភូបានស្នើសុំឱ្យ អគ្គលេខាធិការពន្យល់ពីវិស័យអាទិភាពដែលមានចែងក្នុងច្បាប់វិនិយោគថ្មី និងយន្តការដោះស្រាយបញ្ហារបស់វិនិយោគិនចិន។

ជាការឆ្លើយតប លោក ជា វុទ្ធី បានលើកឡើង ដោយគូសបញ្ជាក់ថា ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាពពីរ ដែលយើងកំពុងចង់ បានខ្លាំងបំផុតនោះគឺការវិនិយោគ ក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ និងការវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ។

លោក បានបន្តថា បច្ចុប្បន្ន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមាន តុចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សាជូនវិនិយោគិនចិន។ ចំពោះយន្តការសម្រាប់ដោះស្រាយបញ្ហារបស់វិនិយោគិន អគ្គលេខាធិការ បានជម្រាបជូនថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលនឹងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាឱកាសសម្រាប់វិនិយោគលើកឡើងនូវបញ្ហាប្រឈមជូន ក្រុមការងារតាមវិស័យពិនិត្យដោះស្រាយ ចំពោះបញ្ហាដែលមិនអាចដោះស្រាយក្នុងកម្រិតក្រុមការងារ បញ្ហានោះត្រូវគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍ក្នុងវេទិកានោះតែម្តង។

បន្ថែមលើនេះ លោក ជា វុទ្ធី បានស្នើសមាគមសភាពាណិជ្ជកម្មចិន មេត្តាបន្តជួយផ្សព្វផ្សាយអំពីបរិស្ថានវិនិយោគនៅកម្ពុជាបន្ថែមទៀត។

កិច្ចប្រជុំត្រូវបានបញ្ចប់ដោយភាពរីករាយ ដោយភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ គា្នដើម្បីជុំរុញការវិនិយោគរបស់ចិននៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។ គោលបំណងនៃការជួបពិភាក្សាការងារនៅថ្ងៃនេះ ដើម្បី ស្តាប់មតិយោបល់ពីសមាគមសភាពាណិជ្ជកម្មចិន ក្នុងការចូលរួមកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)