Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ កត្តា៣ កំណត់ភាពជោគជ័យក្នុងការវិនិយោគ ខណៈកម្ពុជារង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន

ភ្នំពេញ៖ កត្តា៣ ដែលកំណត់ភាពជោគជ័យក្នុងការវិនិយោគ ខណៈ កម្ពុជារង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិនក្នុងការមកបណ្ដាក់ទុនវិនិយោគ។ នេះជាការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការបញ្ជាក់យ៉ាងដូច្នេះ របស់ លោក ស៊ុន ចាន់ថុល នាឱកាសបានអញ្ជើញចូលរួមជាកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) តបតាមការអញ្ជើញរបស់ លោកស្រី Sun Grace ប្រធានសម្ព័ន្ធ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងសិនជិន ប្រទេសចិន។

ក្នុងពិធីថ្លែងសុន្ទរកថាបើកវេទិកានេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនអំពីយុទ្ធសាស្រ្តទាក់ទាញវិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រមាណ ៧%ជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំ មុនស្ថានភាពជំងឺកូវីដ-១៩។

កម្ពុជា មានធនធានមនុស្សដែលមានវ័យក្រោម២៥ឆ្នាំ រហូតដល់ ៦០% ដែលសុទ្ធសឹងជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគរបស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានបន្តថា កត្តា៣ ដែលកំណត់ភាពជោគជ័យក្នុងការវិនិយោគ រួមមាន ១-ទីតាំង ២-ធនធានមនុស្ស និង៣-ទុនវិនិយោគ។

ដើម្បីឱ្យការវិនិយោគមួយជោគជ័យ កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង និងធនធានមនុស្សសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុន និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ បើតាមការលើកឡើងបន្តររបស់ លោក ស៊ុន ចាន់ថុល បានបន្តទៀតថា ក្នុងនោះ ច្បាប់ក៏ជាកត្តាសំខាន់មួយក្នុងកិច្ចការងារវិនិយោគផងដែរ។ កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលនឹងកាន់តែផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគ ស្របតាមជំហរបើកចំហរទីផ្សារសេរីរបស់កម្ពុជា។

នៅក្នុងវេទិនោះ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងឱ្យដឹងផងដែរថា ផែនការយុទ្ធសាស្រ្តថ្មីៗរបស់កម្ពុជារួមមាន ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលមាន ១៧៤គម្រោង ជាមួយតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារ ក្នុងផែនការ។

ក្រៅពីផែនការយុទ្ធសាស្រ្តនៅក្នុងប្រទេស លោក ក៏បានលើកឡើងបន្ត អំពីផែនការសហប្រតិបត្តិការជាមួយប្រទេសជាដៃគូដទៃទៀតរួមមាន៖ កិច្ចការងារសម្របសម្រួលអន្តរដ្ឋាភិបាលរវាងកម្ពុជា-ចិន ដែលមាន រូបលោកផ្ទាល់ និងលោក វ៉ាង យី ជាសហប្រធាន ដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នា​ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ រវាងប្រទេសទាំងពីរ ក៏ត្រូវបានឱ្យដឹងផងដែរ។ លោក បានបញ្ជាក់ទៀតថា កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងសកម្មជម្រុញភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

គូសបញ្ជាក់ថា វេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ ជាវេទិកាដែលប្រារព្វឡើងដើម្បីបង្កើនបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូននិងភស្ដុភារកម្ម ក្រោមការរៀបចំរបស់សម្ព័ន្ធភស្ដុភារកម្មសកលដែលជាសម្ព័ន្ធមានបណ្តាញក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង ៥០០០ មកពីជាង ១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញពិភពលោក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)