Register Already an agent ? Login

កាតព្វកិច្ចរបស់កម្មសិទ្ធិករ ឬសិទ្ធិវន្ត ចំពោះពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ

ភ្នំពេញ៖ ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ត្រូវអនុវត្តលើការជួលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករនៃអចលនទ្រព្យដែលមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស នឹងជាប់តាមអត្រាកំណត់ ១០% នៃថ្លៃឈ្នួល អចលនទ្រព្យ។

ដើម្បីបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករមានកាតព្វកិច្ចដូចខាងក្រោម៖

- ចុះបញ្ជីនៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីចុះកិច្ចសន្យាជួល

- ជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលឈប់ជួល

- ត្រូវចេញបង្កាន់ដៃទទួលប្រាក់នៅពេលទទួលបានប្រាក់ឈ្នួល

- ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធជារៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ប្រសិនបើកិច្ចសន្យាតម្រូវឱ្យមានការបង់ប្រាក់សរុបសម្រាប់រយៈពេលច្រើនខែ ត្រូវប្រកាសនិងបង់ប្រាក់ពន្ធសរុបយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ ក្រោយពេលទទួលបានថ្លៃឈ្នួល។

ទន្ទឹមនឹងនេះពន្ធលើថ្លៃឈ្នួលអចលនទ្រព្យត្រូវបានលើកលែងផងដែរ លើករណីដូចខាងក្រោម៖

- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់រាជរដ្ឋាភិបាលឬក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់បេសកកម្មការទូតឬកុងស៊ុលបរទេស ឬអង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានា

- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់អង្គការ ឬសមាគមណាមួយដែលត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធ

ខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ និងគ្មានចំណែកណាមួយត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន

- ប្រាក់ដែលអ្នកជួលបានតម្កល់ទុកជាប្រាក់ធានា និងប្រគល់ជូនអ្នកជួលវិញនៅពេលចប់កិច្ចសន្យា

- ថ្លៃឈ្នួលដែលបានកាត់ទុកប្រាក់ពន្ធរួចហើយដោយសហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

- ថ្លៃឈ្នួលពីការជួលអចលនទ្រព្យរបស់សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលបានគិតចូលក្នុងប្រាក់ចំណូលជាប់ពន្ធរបស់សហគ្រាសរួចហើយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)