Register Already an agent ? Login

ពាណិជ្ជកម្ម​កម្ពុជានិង​អន្តរជាតិ មានទឹកប្រាក់ជាង ៣៥ពាន់លានដុល្លារ ធ្លាក់ចុះជិត៤% ៩ខែឆ្នាំនេះ ធៀបឆ្នាំ២០២២

ភ្នំពេញ៖ ​រយៈពេល ៩ ខែ​ចាប់ ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២៣ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា​ ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​មានទឹក​ប្រាក់​ស​រុ​ប ៣៥,១៦២.៤៤លាន​ដុល្លារ ធ្លាក់ចុះ ៣,៥% ​បើ​ធៀប​នឹង​ឆ្នាំ២០២២ ដែលមាន​ជាង ៣៦,៤៤ពាន់​លាន​ដុល្លារ​។ បើតាមតារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នា​​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា។

បើតាមតារាង​ស្ថិតិ​ បានឱ្យដឹងថា ការនាំចេញ​របស់​កម្ពុជា​ មាន​ចំនួន​ជិត ១៧​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ០,៨% ​និង​ទំនិញ​នាំចូល​មកវិញ​មាន​ជាង ១៨​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៥,៩%​។ ​ពាណិជ្ជ​កម្ម​កម្ពុ​ជា មាន​ឱនភាព​ប្រមាណ ១,២៧ពាន់​លាន​ដុល្លារ បើធៀបនឹង​ឆ្នាំ​២០២២ កម្ពុ​ជា មាន​ឱនភាព​រហូតដល់​ជាង​ ២,២៨​ពាន់​លាន​ដុល្លារ​។

​ដោយឡែក ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ខែ​​កញ្ញា ឆ្នាំ២០២៣ មាន​ទឹកប្រាក់​សរុប ៣ ៨៣៦.០៩លាន​ដុល្លារ កើនឡើង ១០,១២៣% ​បើ​ធៀប​ខែកញ្ញា ឆ្នាំ​២០២២​។ ទំនិញ​ដែល​កម្ពុជា ​នាំចេញ​ចំនួន ១ ៨៨១.០៩លាន​ដុល្លារ កើន ១៧,២% និង​នាំចូល ១ ៩៥៥.០៨ លាន​ដុល្លារ កើនឡើង ៤,១%​។ បើតាម​តារាង​ស្ថិតិដដែល។

គួររម្លឹកថា ក្នុង​ឆ្នាំ​២០២២ ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​សរុប​ជាង ៥២,៤២​ពាន់​លាន​ដុល្លារ កើន ៩,២% ​ធៀប​នឹង​ឆ្នាំ​២០២១ ក្នុងនោះ​ កម្ពុជា​នាំចេញ​ជាង ២២,៤៨​ពាន់​លាន​ដុល្លារ កើនឡើង ១៦,៤ % និង​នាំចូល​មកវិញ​ជិត ៣០​ពាន់​លាន​ដុល្លារ កើន ៤,៣​%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)