Register Already an agent ? Login

ស្វីស សន្យាបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស កសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ រដ្ឋាភិបាលសហព័ន្ធស្វីស បានសន្យាបន្តគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីកសាងសមត្ថភាពសិក្ខាកាមកម្ពុជាឱ្យកាន់តែរីកចម្រើន។

ការសន្យានេះ នៅក្នុងជំនួបពិភាក្សារវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក PEDRO ZWAHLEN អគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ថៃ ឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

នាឱកាសោះ លោក ហេង​សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយបណ្តុះបណ្តាលវិស័យបច្ចេកទេសដល់គ្រូឧទ្ទេស និងសិក្ខាកាមរបស់កម្ពុជា។

លោក បានបគូសបញ្ជាក់ថា ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈបៃតងនៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា លើជំនាញការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញជួសជុលថែទាំទោចក្រយានយន្ត ការងារកំបោរនិងឥដ្ឋការ៉ូ និងជួសជុលទូទៅជាដើម។

ក្រៅពីវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ លោក រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណបន្តទៀតចំពោះរដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រនិងការបណ្តុះបណ្តាលសមត្ថភាពយុវជនកម្ពុជា ចំពោះគម្រោងការទទួលបានការងារសមរម្យ ដែលបានអនុវត្តតាំងពីឆ្នាំ២០១៧ តាមរយៈទីភ្នាក់ងារជាតិ និងមុខរបរ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមជំនួបនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងដើម្បីពិភាក្សាបន្ថែមលើសេចក្ដីព្រាងច្បាប់ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈសម្រាប់កម្ពុជា ក្រោយភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងរួចមកហើយនោះ។

ក្នុងនោះ ភាគីទាំងពីរ បានជជែកពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលមានភាពចាំបាច់ក្នុងដំណើរការច្រវាក់ផលិតកម្មសេដ្ឋកិច្ចក្នុងក្របខណ្ឌប្រទេសកម្ពុជា និងស្វីស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)