Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពីការនាំចេញអង្ករនិងស្រូវជាង ១,១៨៩លានដុល្លារ ៩ខែឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា ទទូលបានចំណូលពីការនាំចេញអង្ករ ៣២៧.៤៥លានដុល្លារ និងស្រូវ ៨៦២.៣៩លានដុល្លារ ៩ខែឆ្នាំ២០២៣។ បើតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា។

កម្ពុជា បាននាំចេញអង្ករចំនួន ៤៥៦ ៥៨១តោន នាំចេញដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៧គោលដៅ ដែលគិតជាទឹកប្រាក់បានចំនួន ៣២៧.៤៥លានដុល្លារ។ បើតាមការរបាយការណ៍ដដែល។

បើតាមរបាយការណ៍ដដែលនេះ បានឱ្យដឹងថា ៥៧គោលដៅ រួមមាន៖ ប្រទេសចិន និងហុងកុងចំនួន ១៥៥ ៣៦៦តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៥លានដុល្លារ, ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេសបានចំនួន ១៩០ ៧៨៨តោន គិតជាទឹកប្រាក់ចំនួន១៣៨.៩៨លានដុល្លារ, ប្រទេសសមាជិកអាស៊ានចំនួន ៥ប្រទេស បរិមាណចំនួន ៤៥ ៣០៦តោន គិតជាទឹកប្រាក់ចំនួន៣១.៣២លានដុល្លារ។

ជាមួយគ្នានេះ ទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ាចំនួន ២៤ប្រទេស បានចំនួន ៦៦៣៣១តោន គិតជាទឹកប្រាក់បានចំនួន ៥៧.៤៩លានដុល្លារ។

ការនាំចេញអង្ករ មានប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.៤៣%, អង្ករសចំនួនជិត ១២.២៦%, អង្ករចំហ៊ុយ ៣.៣៣%, អង្ករសរីរាង្គចំនួន ១.៧៧% និងអង្ករសគ្រាប់ខ្លីចំនួន០.០២%។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍។

ក្រៅពីអង្ករ កម្ពុជា ក៏បាននាំចេញស្រូវទៅប្រទេសជិតខាងចំនួន ៣ ០៧៧ ៤១៥តោន គិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៣៩លានដុល្លារ ដែលក្នុងនោះជាង ៥៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារ នាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)