Register Already an agent ? Login

សម្ដេចធិបតី ឱ្យប្រើប្រាស់បណ្ដោះអាសន្នស្ពានឆ្លងពីកោះពេជ្រ-កោះនរា ៣ថ្ងៃ ខណៈសម្រេចបានជិត​១០០%

ភ្នំពេញ៖ នាឱកាសពីធីបុណ្យភ្ជុំបិណ្ឌ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានឆ្លងកាត់ពីកោះពេជ្រ ទៅកោះនរា រយៈពេល៣ថ្ងៃ ខណៈ ក្រុមហ៊ុន សម្រេចការសាងសង់បានប្រមាណ ៩៥% ហើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្នស្ពាននេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីចប់រយៈពេលឱ្យ​ប្រើប្រាស់៣ថ្ងៃ នឹងត្រូវផ្អាកធ្វើចរាចរណ៍ ដោយរងចាំបញ្ចប់ការសាងសង់ទាំងស្រុងតែម្ដង នាអំឡុងថ្ងៃទី២០ ខែតុលានេះ។

លោក បានបន្តឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ សម្រេចបានប្រមាណ ៩៥% ហើយ។

លោក ឃួង ស្រេង បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយគ្រាន់តែធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាលបន្តិច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)