Register Already an agent ? Login

ក្រុមហ៊ុនចិនធំ នៅខេត្តកកំពង់ស្ពឺ ត្រូវការកម្មករបន្ថែមជាង ៦ពាន់នាក់ ខណៈរោងចក្រទី១ដំណើរនៅខេត្តកណ្ដាល

ភ្នំពេញ៖ ក្រុមហ៊ុន General Enterprise Garment (Cambodia) Co., Ltd គឺជាក្រុមហ៊ុនផលិតនិងនាំចេញវាយនភណ្ឌដ៏ធំមួយ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា មានរោងចក្រទី១ ស្ថិតនៅក្នុងខេត្តកណ្តាល ខណៈរោងចក្រទី២ នៅខេត្តកំពង់ស្ពឺត្រូវកម្លាំងពលកម្មជាង ៦ពាន់នាក់ សម្រាប់បំពេញតម្រូវការវិនិយោគថ្មី។

លោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុនចិនធំខាងលើ នៅក្នុងជំនួបពិភាក្សាជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានញ្ជាក់ថា ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ ត្រូវការកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់។

លោក ហេង សួរ បានគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុន នៅក្នុងខេត្តកំពង់ស្ពឺ។

នាឱកាសមោះ លោក រដ្ឋមន្ត្រី បានសម្តែងអំណរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរោងចក្រកាត់ដេរគម្រោងទី២ របស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ ដោយបាននាំយកបច្ចេកវិទ្យាចុងក្រោយ ដើម្បីជួយជំរុញខ្សែចង្វាក់ផលិតកម្ម។

តាមរយៈបទពិសោធន៍ច្រើនឆ្នាំនៃការដំណើរការរបស់ក្រុមហ៊ុន និងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបជឿជាក់ថា ការវិនិយោគនេះនឹងឆ្លើយតបទាំងផ្នែកការងារ បរិស្ថាន និងស្តង់ដារអន្តរជាតិ ព្រមទាំងនឹងទទួលបានការគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ។ បើតាមការបញ្ជាក់របស់ លោក ហេង សួរ។

បើតាមជំនួបនោះ លោក ហេង សួរ បានជំរុញឱ្យក្រុមហ៊ុនសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមលើមធ្យោបាយរបស់ខ្លួន ដើម្បីពិនិត្យមើលលើការស្វែងរកបុគ្គលិកជាង ៦ពាន់នាក់ ដើម្បីចូលបំពេញការងារនៅក្នុងរោងចក្រ។ ជាមួយគ្នា ក្រសួងក៏រីករាយក្នុងការជួយជ្រោមជ្រែង ក្នុងការស្វែងរកកម្មករនិយោជិត នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណ ចំពោះ លោក ហេង សួរ ដែលបានគាំទ្រនិងផ្តល់ជំនួយក្នុងការស្វែងរកកម្លាំងពលកម្ម ដើម្បីជំរុញផលិតកម្មនៃការវិនិយោគថ្មីរបស់ក្រុមហ៊ុ ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីស្វែងរកបុគ្គលិកមកបំពេញការងារឱ្យបានឆាប់រហ័សសម្រាប់ដំណើរការនៃរោងចក្រថ្មី ដែលទើបសាងសង់រួច៕

ដោយ៖ ​មឿន ឌីណា (Moeun Dyna)