Register Already an agent ? Login

ម្ចាស់អាជីវកម្មត្រូវឈ្វេងយល់ពីកម្មវត្ថុ និងអត្រាពន្ធកាត់

ភ្នំពេញ៖ ផ្អែកតាមមាត្រា២៥ នៃច្បាប់ស្តីពីសារពើពន្ធ បានចែងថា អ្នកជាប់ពន្ធនិវាសនជនដែលបានទូទាត់ជាសាច់ប្រាក់ក្តី ឬជាវត្ថុក្តីឱ្យអ្នកជាប់ពន្ធ និវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធលើចំនួនទូទាត់មុនការកាត់ទុកប្រាក់ពន្ធ ទៅតាមអត្រាកំណត់ដូចខាងក្រោម៖

១- ១៥% ចំពោះការទូទាត់ទៅឱ្យបុគ្គលមិនស្ថិតក្រោមរបបស្វ័យប្រកាសលើការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល។ សួយសារចំពោះទ្រព្យអរូបីនិងភាគកម្មក្នុងធនធានរ៉ែ និងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្ម ក្រៅពីធនាគារក្នុងស្រុក បង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន

២- ១០% ចំពោះការទូទាត់លើថ្លៃជួលចលនទ្រព្យ ឬអចលនទ្រព្យ

៣- ៦% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យអ្នកជាប់ពន្ធនិវាសនជន លើគណនីបញ្ញើមានកាលកំណត់

៤- ៤% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យអ្នកជាប់ពន្ធនិវាសនជន លើគណនីបញ្ញើគ្មានកាលកំណត់។

គួររម្លឹកថា ចំពោះការប្រាក់ដែលបង់ឱ្យធនាគារក្នុងស្រុក និងការទូទាត់លើប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា៩ នៃច្បាប់ស្ដីពីសារពើពន្ធ មិនត្រូវអនុវត្តការកាត់ទុកនោះទេ។

ដោយឡែក ការទូទាត់ប្រាក់ចំណូលប្រភពកម្ពុជា ឱ្យអ្នកជាប់ពន្ធអនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ដែលត្រូវទូទាត់។ ពន្ធកាត់ទុកមិនត្រូវអនុវត្តចំពោះបុព្វលាភធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជានោះទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)