Register Already an agent ? Login

អង់គ្លេស បានសម្រេចផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ដល់កម្ពុជា ជំនួស GSP ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពី ការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ជំនួស GSP ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចបណ្ដាប្រទេសកំពុងអភិវឌ្ឍរួមទាំងកម្ពុជាផងដែរ។ បើតាមការជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្មថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

តាមការជូនដំណឹងនេះ ក្រសួងបានឱ្យដឹងថា អ្នកឧកញ៉ា ឧកញ៉ា លោក-លោកសី អ្នកនាងកញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ជ្រាបថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសអំពី ការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK's Developing Countries Trading Scheme (DCTS) ជំនួស UK's Generalized Scheme of Preference (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ (duty-free & quota-free) ដែលប្រទេសអភិវឌ្ឍតិចតួច រួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត។ បើតាមការបន្តរបស់ ក្រសួង។

ក្រសួង បានបន្តទៀតថា តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់ ៤ខ្ទង់ ទៅ៦ខ្ទង់។

ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាម វិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស។ បើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងដដែល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)