Register Already an agent ? Login

កម្មកររោងចក្រក្នុងវិស័យកាត់ដេរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ នៅឆ្នាំ២០២៤

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ដុល្លារ ក្នុង១ខែ សម្រាប់អ្នកពេញសិទ្ធិ រីឯកម្មករនិយោជិតសាកល្បង នឹងទទួលប្រាក់ ២០២ដុល្លារ។ បើតាមការជូនដំណឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំ ចំនួន ២០លើក (ប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចំនួន ៨លើក, ទ្វេភាគី ចំនួន ២លើក និងត្រីភាគី ចំនួន ១០លើក) ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។

ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខពីរផ្សេងគ្នាគឺ ២០៤ដុល្លារ និង ២១៣ដុល្លារ, តំណាងភាគីនិយោជកបានលើកតួលេខ ២០២ដុល្លារ, និងតំណាងភាគីរាជរដ្ឋាភិបាល ឈរលើលក្ខណៈបច្ចេកទេសនិងវិទ្យាសាស្ត្របានកំណត់យកតួលេខ ២០២ដុល្លារ។

យោងតាមមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបាន អនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នៅកិច្ចប្រជុំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបានលទ្ធផលរួមមាន៖ តួលេខចំនួន ២០២ដុល្លារ ទទួលបានសំឡេងឆ្នោត៤៦ លើ ៥១សំឡេង, តួលេខចំនួន ២០៤ដុល្លារ ទទួលបានសំឡេងឆ្នោត០ លើ ៥១សំឡេង, តួលេខចំនួន ២១៣ដុល្លារ ទទួលបានសំឡេងឆ្នោត៥ លើ ៥១សំឡេង។

យោងតាមមាត្រា១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបាន ដាក់របាយការណ៍តួលេខ ២០២ដុល្លារ ទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានដឹង និងផ្ដល់អនុសាសន៍បន្ថែម។ យោងលើរបាយការណ៍នេះ និងដោយមានការសិក្សាបន្ថែម សម្ដេចធិបតី បានសម្រេចបន្ថែម ២ដុល្លារ ពីលើតួលេខ២០២ដុល្លារ ដែលត្រូវបានបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើន នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

ដូច្នេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ដុល្លារ ក្នុង១ខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ២០២ដុល្លារ ក្នុង១ខែ សម្រាប់កម្មករនិយោជិតសាកល្បង។

បើតាមការបញ្ជាក់ពីក្រសួង ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែលដូចជា៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ ក្នុង១ខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ ក្នុង១ខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន ២ពាន់រៀល ក្នុង១ថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់ រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារ ដល់ ១១ដុល្លារ ក្នុង១ខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ដុល្លារ ដល់ ២៣២ដុល្លារ ក្នុង១ខែ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)