Register Already an agent ? Login

ក្រសួងសេដ្ឋកិច្ច លើកលែងមិនពិន័យ ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ២ប្រភេទ ដល់ដំណាច់ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយមិនពិន័យឡើយដល់ម្ចាស់អចលនទ្រព្យ (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ឆ្នាំ២០២៣ បង់តែប្រាក់ពន្ធប៉ុណ្ណោះ ចំពោះពន្ធលើអចលនទព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់។ បើតាមការជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល។

ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជីនិង ប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ការអនុគ្រោះឱ្យ ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ ដោយផ្ដល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះ ពន្ធទាំងពីរប្រភេទនេះរហូតដល់ដំណាច់ឆ្នាំ២០២៣។ បើតាមការបបន្ថែមរបស់ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឺកថា សូមអញ្ជើញម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាសបង់ពន្ធលើ អចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ ដោយសង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ២០២៤ តទៅក្នុងករណីម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទនៃការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ខាងលើត្រូវអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចនោះទេ។

ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ អាចទំនាក់ទំនងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call Center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕

ដោយ៖ មឿន ឌីណា (Moeun Dyna)