Register Already an agent ? Login

HKETO ប្រចាំទីក្រុងបាងកក មកស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ សក្តានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង (HKETO) ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានដឹកនាំគណៈប្រតិភូ បានមកកម្ពុជាស្វែងយល់បន្ថែម អំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងស្វែងរកចំណុចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។

លោក នុត អ៊ុនវ័ណរាំ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបគណៈប្រតិភូហុងកុង ដែលដឹកនាំដោយលោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង (HKETO) ប្រចាំទី ក្រុងបាងកក កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ហើយក៍មានការចូលរួមពីសមាគមធុរកិច្ចហុងកុងប្រចាំកម្ពុជាផងដែរ។

អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ ចំពោះគណៈ ប្រតិភូ HKETO ប្រចាំទីក្រុងបាងកក ដែលបានធ្វើដំណើរមកពីប្រទេសថៃ ក្នុងគោលបំណងស្វែងយល់បន្ថែម អំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងស្វែងរកចំណុចសហ ប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។

នាឱកាសនោះ លោក នុត អ៊ុនវ័ណរាំ ក៏បានជម្រាបជូនគណៈប្រតិភូ HKETO ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យ កាន់តែប្រសើរឡើង។ ជាពិសេស សម្ដេចធិបតី នាយករដ្ឋមន្ដ្រី នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលជាវេទិកាសន្ទនាកំពូលរវាងភាគីរាជរដ្ឋាភិបាល និងវិស័យឯកជនកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីស្ដាប់ផ្ទាល់និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលវិនិយោគិនបាននិងកំពុងជួបប្រទះ។

ទន្ទឹមនឹងនេះ លោក នុត អ៊ុនវ័ណរាំ បានលើកឡើងផងដែរដែរអំពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលត្រូវ បានអនុម័តនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ លោក បានគូសបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនេះជាឧបករណ៍គតិយុត្តថ្មីមួយដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ជាពិសេស ច្បាប់នេះបានផ្ដល់នូវរបបលើកទឹកចិត្តឆ្លាតវៃប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ។

អគ្គលេខាធិការរង បានលើកឡើងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ និងសកម្មភាពវិនិយោគចំនួន១៨ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនេះស្រាប់ មានជាអាទិ៍៖ ឧស្សាហកម្មដែល មានបច្ចេកវិទ្យាខ្ពស់, ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ដែលផ្តល់តម្លៃបន្ថែមខ្ពស់, ឧស្សាហកម្មក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យថាមពលបៃតង, និងវិស័យឡូជិស្ទីក ដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែម និងគុណភាព សំដៅអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យ កាន់តែរីកចម្រើន។

នៅក្នុងជំនួបនេះ លោក ផាសុន ឡាម ប្រធានគណៈប្រតិភូ HKET លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុនៗ ក៏ដូចជាអាណត្តិថ្មីដែលបានយកចិត្ត ទុកដាក់ទៅលើសុខទុក្ខរបស់វិនិយោគិនទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសវិនិយោគិនហុងកុង។

លោក សុន ឡាម ក៍បានថ្លែងអំណរគុណ អគ្គលេខាធិការរងដែលបានទទួលជួបគណៈប្រតិភូ ហុងកុងនាថ្ងៃនេះ ដោយបានសន្យាថានឹងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីវិនិយោគនិងអនុ ក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនេះជូនវិនិយោគិនហុងកុង។

នាឱកាសនោះ ប្រធានគណៈប្រតិភូ HKETO បានបង្ហាញអំពីបំណងក្នុងការសហការជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈការរៀបចំសកម្មភាពមួយចំនួនដូចជា សិក្ខាសាលាផ្សព្វផ្សាយនិងជំរុញវិនិយោគ វេទិកាធុរកិច្ច ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្ម ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហុងកុងមកកាន់ព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ កម្ពុជាទៅកាន់ហុងកុង ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)