Register Already an agent ? Login

កម្ពុជា-ជប៉ុន បន្តពង្រឹងនិងពង្រីក ជំរុញលំហូរភ្ញៀវទេសចរប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើងជាលំដាប់

ភ្នំពេញ៖ កម្ពុជានិងជប៉ុន បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេស ទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញលំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើង ជាលំដាប់។ បើតាមជំនួបពិភាក្សាការងារ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក UENO Atsushi ឯកអគ្គរាជជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានា។

នៅក្នុងជំនួបសម្ដែងការគួរសមនាពេលនេះ លោក សុខ សូកេន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ ឯកអគ្គរាជទូត ក៏ដូចជាប្រជាជន និងរដ្ឋាភិបាលជប៉ុនចំពោះការប្តេជ្ញា ចិត្តឥតងាករេក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរចាប់តាំងពីសម័យ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លោក បានគូសបញ្ជាក់ថា​ កិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយនេះបានសរបញ្ជាក់ឱ្យឃើញ ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលកើតចេញពីទំនាក់ទំនងដ៏ពិសេសនិង មិនអាចកាត់ថ្លៃបានរបស់កម្ពុជា-ជប៉ុន ហើយឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

ឯកអគ្គរាជទូត បានអបអរសាទរចំពោះ លោក សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងនីតិកាលទី៧នេះ និងបានកោតសរសើរ លោក សុខ សូកេន ដែលជាថ្នាក់ដឹកនាំជំនាន់ក្រោយ ប្រកបដោយឆន្ទះម្ចាស់ការ និងទស្សនវិស័យវែងឆ្ងាយ ក្នុងការជំរុញ វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

បើតាមជំនួបនេះ មន្រ្តីជាន់ខ្ពស់ទាំងពីរ ក៏បានឯកភាពគ្នាលើគំនិតផ្តួចផ្ដើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ A Nippon Airways ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែម ទៀត។

ជាចុងក្រោយ លោក រដ្ឋមន្រ្តី និងឯកអគ្គរាជទូត បានសម្ដែងនូវការប្តេជ្ញាចិត្ត រួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទេសចរណ៍បន្ថែមទៀត តាមរយៈការផ្ដល់ការផ្លាស់ប្តូរ វប្បធម៌និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យរឹងមាំ និងការបង្កើន ទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ប្រទេសទាំងពីរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)