Register Already an agent ? Login

កម្ពុជា-ឥណ្ឌា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដែលី

ភ្នំពេញ៖ កម្ពុជា និង ឥណ្ឌា បានឯកភាពគ្នាក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូដែលី តាមរយៈក្រុមហ៊ុន Cambodia Angkor Air ដើម្បី ទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។ បើតាមជំនួបពិភាក្សាការងារ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។

ជំនួបពិភាក្សាការងាររវាងមន្រ្តីជាន់ខ្ពស់ទាំងពីរធ្វើឡើង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ក្នុងគោលដៅជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ លោក សុខ សូកេន បានស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូត និងថ្លែងអំណអរគុណ និងវាយតម្លៃខ្ពស់ដល់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា សម្រាប់ការគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects - QIP) ចំនួន៣៖

១-ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍, ២-ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយនៅខេត្តកំពង់ធំ និង ៣-ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង។

នៅក្នុងជំនួបនេះ លោកស្រីអគ្គរដ្ឋទូត បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពដ៏ប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសឆ្នាំ២០២៣នេះ ជាខួបលើកទី៧១ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងឥណ្ឌា។

នៅក្នុងជំនួបនេះ លោក សុខ សូកេន និង លោកស្រី Devyani Khobragade បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនា។ ជាមួយគ្នានេះ ក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការជំរុញវិនិយោគ របស់ឥណ្ឌាលើឧស្សាហកម្មទេសចរណ៍កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)