Register Already an agent ? Login

ADB ទម្លាក់កំណើនសេដ្ឋកម្ពុជាពី ៥,៥% មក៥,៣% ក្នុងឆ្នាំ២០២៣ ព្រោះកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុក

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣ ពី ៥,៥% មកត្រឹម ៥,៣% វិញដោយសារតែ​វិស័យ​ឧស្សាហកម្ម ​មាន​កំណើនយឺតជាង​ការរំពឹងទុក​នៅ​ឆមាស​ទី​១ ដែលបណ្តាលមកពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦,០% ដដែល

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៣ កត់សម្គាល់ថា ការនាំចេញសម្លៀក បំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ នៃឆ្នាំ២០២៣។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក ពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។

នាយិកា ADB ប្រចាំកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា ការរំពឹងទុកចំពោះ ភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗដែលមានការជឿនលឿន ត្រូវបានរំពឹងថានឹង ជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុង ស្រុកបានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។ លោកស្រី បានបញ្ជាក់ថា «វិស័យសេវាកម្មចូលរួមចំណែកធំជាងគេចំពោះកំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះ បានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១។ ជាពិសេស ដោយសារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍»។

បើតាមរបាយការណ៍ ADB បានបង្កើនការព្យាករកំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ ពី៧,៣%ទៅ ៨,០%។ ការព្យាករសម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី ៥,៨% មក ៤,៨% ហើយការព្យាករសម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១,១% ទៅ ០,៩%។

របាយការណ៍នេះ រក្សាការព្យាករអតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣,០% និងឆ្នាំក្រោយនៅកម្រិត ៤,០%។ ឱនភាព ពាណិជ្ជកម្មអន្តរជាតិ ដែលមានភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួមឱនភាពគណនីចរន្ត។

ADB បានបញ្ជាក់ថា ហានិភ័យសម្រាប់ទស្សនវិស័យនេះ រួមមានកំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿន ការមកដល់នៃភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាព ហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជនដែលមានកម្រិតខ្ពស់និងអំពី ស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង អាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាស ផែនដី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)