Register Already an agent ? Login

ប្រមុខរាជរដ្ឋាភិបាល ពិភាក្សាជាមួយប្រធានក្រុមហ៊ុនធំៗនៅចិន ជំរុញឱ្យមានការវិនិយោគបន្ថែមទៀតក្រៅពីវិស័យមានស្រាប់

ចិន៖ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់នៃរាជរដ្ឋាភិបាល​កម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនធំៗ ដោយបានជំរុញឱ្យមានការវិនិយោគបន្ថែមទៀតក្រៅពីវិស័យដែលមានស្រាប់នៅកម្ពុជា។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អមដំណើរសម្តេចធិបតី ហ៊ុន ម៉ា​ណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិននាពេលនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជន​ជាច្រើនរូប​ផង​ដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែតជួបសម្តែងការគួរ​សម​និងពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន,លោក ចាវ ឡឺជី ប្រធាន​សភា​តំណាងប្រជាជនចិន។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនទាំងពីររូបនេះ ក៏មានកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍​វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិស​ដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្ដល់​ផល​ប្រយោជន៍រួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋ​មន្ត្រី​ចិន តែនឹងផ្ដោតសំខាន់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី​ទាំង​ពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិ​ការ​មួយ​ចំនួន​ផងដែរ។

នាឱកាសនោះទស្សនកិច្ចនេះ ក៏មានប្រធានក្រុមហ៊ុនធំៗរបស់ចិន មកជួបពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែតផងដែរ ក្នុងការវិនិយោគនៅកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រួមមាន៖ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd, លោក វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group, លោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC), លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group។

បើតាមជំនួប លោក​ លាំង ហ័រ បានលើកឡើងអំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ដែល​សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ។ សម្ដេចអធិបតី​ សង្ឃឹមថាក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់​កម្ពុជា។ សម្ដេចអធិបតី​ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយនៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អ​ រវាងកម្ពុជា-ចិន និងបន្តគាំទ្រសម្របសម្រួល និង​លើកទឹកចិត្តឱ្យ​មានការវិនិយោគកាន់តែច្រើនមកកម្ពុជា ។

ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ គឺមានសារៈសំខាន់ណាស់ ដែល​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការ​រួម​គ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យ​កាន់តែរីកចម្រើនថែមទៀត ហើយ​ក៏បាន​​ស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ​ការវិនិយោគលើ​បច្ចេកវិទ្យាថ្មីៗ និង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ជាការបន្ត សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកជាដើម។

បន្ទាប់ពីជួប លោក លាំង ហ័រ សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យ លោក វិន ស៊ូកាំង ជួបពិភាក្សាផងដែរ, សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេស ការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថាជាស្ថានីយគំរូមួយ តាមរយៈការធានាបាននូវបរិស្ថានល្អ។

កម្ពុជា ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗនិងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែម អំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ជាការបញ្ជាក់ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។

សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។

ជាការឆ្លើយតប លោក វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សានិងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ។

ក្រោយពីបញ្ចប់ជំនួបជាមួយ លោក វិន ស៊ូកាំង សម្តេចធិបតី ជួបពិភាក្សាជាមួយ លោក វ៉ាង តុងជូ បានលើកឡើងអំពីគម្រោងវិនិយោគផ្លូវថ្នល់ដែលកំពុងដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រមទាំងគោរពស្នើសុំកិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀតពីភាគីរាជរដ្ឋាភិបាលកម្ពុជា។

ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក។ ចំពោះគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ, សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត ។

សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោងដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ។ ម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRBC ដែលបានចូលរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា តាមរយៈការសម្រេចបាននូវគម្រោងវិនិយោគផ្លូវថ្នល់នានា ជាពិសេសផ្លូវលឿនភ្នំពេញ-ព្រះសីហនុ។

ជាជំនួបចុងក្រោយ ជាមួយ លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group បានលើកឡើង អំពីប្រវត្តិ និងដំណើរការអាជីវកម្ម ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ មក។ លោក បានបន្តថា បច្ចុប្បន្នមានគម្រោងជាច្រើន ក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣ប៊ីលានដុល្លារអាមេរិក ដោយមានការគាំទ្រ និងកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាល, ក្រុមហ៊ុនបានរីកលូតលាស់ និងបានសម្រេចនូវសមិទ្ធផលជាទីមោទនៈជាច្រើន, ជាពិសេស នៅក្នុងការសាងសង់បណ្តាញអគ្គិសនី និងរោងចក្រថាមពលអគ្គិសនី។

ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានបង្ហាញនូវជំហរនៅក្នុងការបន្តគាំទ្រសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ស្ថិរភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដូចជា គម្រោងក្នុងវិស័យថាមពលស្អាត ដែលមានចីរភាព និងតម្លៃសមរម្យជាដើម។ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តវិនិយោគ និងផ្តល់កិច្ចសហការនៅក្នុងគម្រោងទាំងនេះ ដែលក្រុមហ៊ុនមានជំនាញ និងមានឧត្តមភាពស្រាប់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)