Register Already an agent ? Login

៨ខែឆ្នាំនេះ ការប្រមូលចំណូលពន្ធដារបានធ្លាក់ចុះ លើវិស័យកម្មន្តសាលភេសជ្ជៈជាង២% អចលនទ្រព្យ៩% និងពន្ធប្រថាប់ត្រាជាង២៦%

ភ្នំពេញ៖ ការប្រចំណូល របស់អគ្គនាយកដ្ឋានពន្ធដារ មានការថយចុះសម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖ កម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ ២,២៨%, អចលនទ្រព្យ៩,០៦% ខណៈ ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ២៦,៧៦%។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។

បើតាមកិច្ចបុ្រជុំខាងលើ ធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានពិភាក្សាពីចំណុចសំខាន់ៗទៅលើការប្រមូលចំណូល របស់អគ្គនាយកដ្ឋានពន្ធដារ មានការថយចុះ រយៈពេល៨ខែ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

កិច្ចពិភាក្សានេះ បានឱ្យដឹងថា ក្នុងនោះ កម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ ថយចុះ ២,២៨%, អចលនទ្រព្យ ថយចុះ ៩,០៦% ការសាងសង់ ថយចុះ ២,១៥% ខណៈ ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក៏បានថយចុះ ២៦,៧៦%។ ​ជាមួយគ្នានេះ ការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ ២២,៦៧%ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

បើតាមកិច្ចពិភាក្សានេះ បានលើកឡើងថា បន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនឹក (e-Commerce) ដែលជាក់ស្ដែងក្នុងខែសីហា ឆ្នាំ២០២៣ ទទួលបាន ២៤,៤៥ ប៊ីលានរៀល (ប្រមាណ ៦,០៤ លានដុល្លាវ) និងសម្រាប់រយៈពេល៨ខែ ឆ្នាំ២០២៣ ទទួលបាន ២១១,២៤ប៊ីលានរៀល (ប្រមាណ ៥២,១៦លានដុល្លារ)។

គិតត្រឹមបច្ចុប្បន្ន លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធលើអចលនទ្រព្យសម្រេចបាន ៧១,៩៥% នៃផែនការដែលកាលបរិច្ឆេទផុតកំណត់នៃពន្ធនេះ គឺថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៣ ខណៈ ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រេចបាន ១៨,៨០% នៃផែនការ ដែលកាលបរិច្ឆេទផុតកំណត់គឺថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមបញ្ជាក់នៃកិច្ចពិភាក្សាដដែល បានបន្តថា បន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន ប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៤ប្រការ របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)