Register Already an agent ? Login

ពន្ធដារ ប្រមូលចំណូលបានជាង ២,៥៥០លានដុល្លារ ៨ខែឆ្នាំ២០២៣ ស្មើនឹងជាង៧១% ឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល៨ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញមានចំនួនប្រមាណជា ២ ៥៥០,៥៦លានដុល្លារ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ

ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ សរុបរយៈពេល៨ខែ ឆ្នាំ២០២៣ មានចំនួន ១០ ៣២៩,៧៨ប៊ីលានរៀល (ប្រមាណជា ២ ៥៥០,៥៦លានដុល្លារ) ស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

បើតាមប្រជុំខាងលើបានបន្តថា ក្នុងខែសីហា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ៩៦២ប៊ីលានរៀល ប្រមាណ ២៣៧,៥៣ លានដុល្លារ) ស្មើនឹង ៦,៦៥% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

គូសបញ្ជាក់ថា លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានដឹកកិច្ចប្រជុំខាងលើ បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្តេជ្ញាអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។

លោក បានបន្តថា កំណែទម្រង់និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ដែលរដ្ឋបាលកិច្ចល្អ គឺជាឆ្អឹងខ្នងនៃកំណែទម្រង់ ហើយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែង ស្រុះដៃគ្នាអនុវត្តការងារប្រកបដោយស្មារតីបុរសកម្មនិងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។

ស្ថានភាពចំណូលពន្ធសម្រាប់ខែសីហា ឆ្នាំ២០២៣ សម្រេចបានត្រឹមតែ ៧៩,៨០% នៃគោលដៅប្រមូលចំណូលប្រចាំខែស្របតាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមការបន្ថែមរបស់ លោក គង់ វិបុល។

បើតាមកិច្ចប្រជុំនេះ លោក បានបញ្ជាក់ថា ហានិភ័យដែលបណ្តាលពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ប៉ះពាល់ដល់បណ្តាប្រទេសជាប្រភពទុន សម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធឈានទៅប៉ះពាល់ដល់ចំណូលពន្ធឱ្យបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេសមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។

លោក ក៏បានបញ្ជាក់ទៀតថា «វិស័យមួយចំនួនដែលមានសក្ដានុពលនៃចំណូលពន្ធផ្ទៃក្នុងជាអាទិ៍ វិស័យកាស៊ីណូ និល្បែងភ្នាល់»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)