Register Already an agent ? Login

វឌ្ឍនភាពគម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន សម្រេចបាន ៩១,២៦%

បន្ទាយមានជ័យ៖ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ទំហំទឹកប្រាក់ប្រមាណ ២៦,៤២លានដុល្លារ វឌ្ឍនភាពការងារសម្រេចបាន ៩១,២៦% ហើយ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពកាងារ គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមដោយគណៈប្រតិភូអមដំណើររួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ ក្នុងគោលតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ សំដៅពន្លឿនឱ្យបានរួចរាល់ក្នុងពេលឆាប់ៗ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។

បញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារមួយចំនួនក្នុងកិច្ចសន្យា នាំឱ្យគម្រោងនេះត្រូវពន្យារពេលសាងសង់ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងសម្រេចបាន ៩១,២៦% ហើយ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់។

គូសបញ្ជាក់ថា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ។

ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន»។

ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ប្រមាណ១៩លានដុល្លារ)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)