Register Already an agent ? Login

ពាណិជ្ជកម្ម​ទ្វេភាគី ​កម្ពុ​ជា-កូរ៉េ សម្រេចបានជាង ៥០០លានដុល្លារ ធ្លាក់ចុះជាង៨% ៨ខែឆ្នាំ២០២៣

ភ្នំពេញ៖ ពាណិជ្ជកម្ម​ទ្វេភាគី ​កម្ពុ​ជា-កូរ៉េ ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៣ មានទឹកប្រាក់ ៥០៤​លាន​ដុល្លារ បានធ្លាក់ចុះ ៨,៤% ​បើ​ធៀបនឹង​ឆ្នាំ​២០២២ ដែលមានទឹកប្រាក់ ៥៥០​លាន​ដុល្លារ។ នេះបើតាមស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

​កម្ពុជា​ នាំ​ទំនិញ​ទៅ​ប្រទេស​កូរ៉េ ចំនួន ១៨៩,៣៨​លាន​ដុល្លារ​ កើនឡើង ២០,៩% ខណៈ ​កូរ៉េ​ នាំ​ទំនិញ​មក​កម្ពុជាវិញ ចំនួន ៣១៤,៣៧លាន​ដុល្លារ ធ្លាក់​ចុះ ២០,១%​។ បើតាមការបន្តនៅក្នុងស្ថិតខាងលើ។

បើតាមស្ថិតិខាងលើ បានបន្តទៀតថា ​សម្រាប់​ខែ​សីហា ឆ្នាំ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​រ​ប្រទេស​ទាំងពីរ មាន​ទឹកប្រាក់​សរុប ៥៦,៦៩លាន​ដុល្លារ បានធ្លាក់ចុះ ៩,២៣% ​បើ​ធៀប​នឹងខែសីហា ឆ្នាំ២០២២ ក្នុងនោះ​ កម្ពុជា​នាំទៅ​កូរ៉េ ២៤,៦៤លាន​ដុល្លារ កើន ១៦,៦% ខណៈ ​កូរ៉េ​នាំមក​កម្ពុជា​វិញ ៤១,៣២​លាន​ដុល្លារ បានធ្លាក់ចុះ ២២,៤%​។

​គួរសម្លឹកថា ក្នុង​ឆ្នាំ​២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៧៧៨,៩២៤​លាន​ដុល្លារ កើន​ ០,៦% ​បើ​ធៀប​នឹង​ឆ្នាំ២០២១ ក្នុងនោះ​ កម្ពុជា​នាំចេញ ចំនួន ២៣៣,៦៣៨លាន​ដុល្លារ កើន ២០,៤% ខណៈ ​កូរ៉េ នាំចូល ចំនួន ៥៤៥,២៨៦​លាន​ដុល្លារ ធ្លាក់ចុះ ៦%។

គូសបញ្ជាក់ថា ក្នុងជំនួប​ទ្វេភាគី​រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​ប្រ​ធា​នា​ធិបតី​កូរ៉េ​ លោក Yoon SokYeol នៅ​រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ីនា​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំទាំងពីរ បាន​ឯកភាព​នឹង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​សក្តានុពល​មួយចំនួន​ដូចជា៖ ការវិនិយោគ​ ពាណិជ្ជកម្ម, កសិកម្ម សុខភាព​សាធារណៈ​ ការពារជាតិ និង​ការតភ្ជាប់​រវាង​ប្រជា​ជន និង​ប្រជាជន​។

ជាមួយគ្នានេះ​ភាគី​​កូរ៉េ ក៏បាន​សន្យា​នឹង​ពិចារណា​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុ​ជា​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ និង​បន្ត​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​កូរ៉េ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)​