Register Already an agent ? Login

មេដឹកនាំកម្ពុជានិងកូរ៉េខាងត្បួង ប្ដេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក យូន ស៊ក យ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល រួមមាន ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និង​ប្រជាជន។

ការប្ដេជ្ញារបស់ ថ្នាក់ដឹកនាំទាំងពីរ​ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ជំនួបទ្វេភាគីនេះ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។

ជាកិច្ចឆ្លើយតប លោក យូន ស៊ក យ៉ល បានថ្លែងអំណរគុណ និងបានសម្តែងនូវសេចក្តីសោមនស្ស ដែលបានជួបពិភាក្សាជាមួយ សម្តេចធិបតី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ។

នាឱកាសនោះ លោក ប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ដែលបានព្យាយាមរក្សា និងពង្រឹងចំណងការទូតជាមួយកូរ៉េ។ លោក មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិបុលភាព កាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។

លោក យូន ស៊ក យ៉ល បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ សម្តេចតេជោ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ, ហើយរដ្ឋាភិបាលកូរ៉េ ក៏សូមអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ។

បើតាមជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីរ​ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជា ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និង​ប្រជាជន។

សម្តេចធិបតី បានអរគុណ ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ។ ជាមួយគ្នានេះ ប្រធានាធិបតី បានសន្យាថា នឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)