Register Already an agent ? Login

ក្រសួងសេដ្ឋកិច្ច ណែនាំពីនីតិវិធីស្នើសុំឥណទាន និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ចំពោះអ្នកជាប់ពន្ធមធ្យម និងធំ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំពីនីតិវិធីនៃការស្នើសុំឥណទាន និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ចំពោះអ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ។

ដើម្បីពង្រឹងការអនុវត្តយន្តការអាករលើតម្លៃបន្ថែម (អតប) ឱ្យមានប្រសិទ្ធភាព តម្លាភាព និងស័ក្ដិសិទ្ធិភាព ព្រមទាំងធានាការទូទាត់ថវិកា បង្វិលសងបានទាន់ពេលវេលា ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

១-នីតិវិធីនៃការស្នើសុំឥណទានអាករលើតម្លៃបន្ថែម៖ ការស្នើសុំឥណទាន អតប ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធអាជីវកម្មប្រចាំខែតាមរឡាញ (e-Frg) ដោយមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ ក្នុងនោះការទិញទំនិញ ឬសេវាក្នុងស្រុកត្រូវមានវិក្កយបក្រអាករ (ច្បាប់ដើម) ដែលមាននិទ្ទេសត្រឹមត្រូវ ដោយឡែកការនាំចូលត្រូវមានប្រតិវេទន៍គយ និងបង្កាន់ដៃបង់ប្រាក់ (ច្បាប់ដើម)។

ឥណទានអាករ លើធាតុចូលត្រូវស្នើសុំក្នុងខែ ចំពោះតែការផ្គត់ផ្គង់ជាប់ អតប ឬការនាំចូលសម្រាប់ប្រើប្រាស់ដើម្បីធ្វើការផ្គត់ផ្គង់ជាប់ អតប ប៉ុណ្ណោះ ចំពោះអ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មផ្គត់ផ្គង់មិនជាប់ អតប មិនអាចស្នើសុំឥណទានអាករលើធាតុចូលបានឡើយ។

២.នីតិវិធីនៃការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម៖ អ្នកជាប់ពន្ធដែលមានឥណទានអាករលើធាតុចូលលើសចាប់ពី ៣ខែជាប់គ្នាឡើង ទៅអាចធ្វើការស្នើសុំបង្វិលសង អតប ក្នុងរយៈពេល ៣ខែ ឬ៦ខែ ឬយ៉ាងយូរ ១ឆ្នាំ។

ក្នុងករណីអ្នកជាប់ពន្ធបង្គរទុកឥណទានអាករលើ ធាតុចូលមិនបានស្នើសុំបង្វិលសងលើសពី១ឆ្នាំ រយៈពេលបង្វិលសងរួចមានចែងក្នុងប្រកាសលេខ ៥៧៦ សហវ ប្រក ចុះថ្ងៃទី១៩ ខែថុនា ឆ្នាំ២០១៨ នឹងមិនត្រូវបានអនុវត្តឡើយ។

ការបង្វិលសងមិនត្រូវបានផ្ដល់ជូននោះទេ ក្នុងករណីអ្នកជាប់ពន្ធបង្គរឥណទានអាករលើធាតុចូល លើសពី ៣ឆ្នាំ (N 3) ចំពោះឥណទានអាករលើធាតុចូលដែលមិនទាន់បានស្នើសុំបង្វិលសងមុនឆ្នាំ២០២០ អ្នកជាប់ពន្ធត្រូវដាក់ពាក្យស្នើសុំ មកអគ្គនាយកដ្ឋានពន្ធដារមិនឱ្យហួសពីដំណាច់ឆ្នាំ២០២៣នេះឡើយ។

ដើម្បីស្នើសុំបង្វិលសង អ្នកជាប់ពន្ធត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មាន គណនីធនាគារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសឱ្យបានទាន់ពេលវេលា (ករណីមានការប្រែប្រួលព័ត៌មាន) និងផ្ដល់ឯកសារភស្តុតាង ឯកសារពាក់ព័ន្ធដល់រដ្ឋបាលសារពើពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ អាចព្យួរទុកការបង្វិលសង អតប ជាបណ្ដោះអាសន្ន ក្នុងករណីអ្នកជាប់ពន្ធ មានជំពាក់បំណុលពន្ធ ឬបានទទួលរងនូវការកំណត់ពន្ធឡើងវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)