Register Already an agent ? Login

វឌ្ឍនភាព គម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ក្នុងខេត្តកំពត សម្រេចបានជាង ៣៥%

កំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ៨ខែ បន្ទាប់ពីបើកការដ្ឋាន វឌ្ឍនភាពការងារសម្រេចបានជាង ៣៥%។ បើតាមការចុះពិនិត្យ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង បានចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារជាថ្មីម្តងទៀត កាលពីទី១៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ជាច្រើនរូបផងដែរ។

លោក រដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ លោក បានបញ្ជាក់ថា លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ព្រមទាំងស្រោចទឹកកាត់បន្ថយដីហុយឱ្យបានជាប់លាប់ ជៀសវាងការរំខានប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ស្ពានក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ០៤+៧៩១ និងត្រួតពិនិត្យលើការងារបច្ចេកទេស សាងសង់ផ្លូវតាំងពីដើមទី រហូតដល់ចុងទី។

កំណាត់ផ្លូវជាតិខាងលើនេះមានប្រវែង ៥២,៥៧គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ចំណាយពេលសាងសង់អស់រយៈពេល ៤០ខែ បញ្ចប់ការសាងសង់ឆ្នាំ២០២៦។

គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥,១២% ក្នុងនោះរួមមាន៖ ១-ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧គ.ម, ២-ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៧គ.ម និង ៣-ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៧,៦៦គ.ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)