Register Already an agent ? Login

អគ្គនាយកពន្ធដារប្រមូលចំណូលបានជាង ២,៣ពាន់លានដុល្លារ ៧ខែឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ប្រមាណជា ២ ៣១២,៩៥លានដុល្លារ រយៈពេល ៧ខែ ដើមឆ្នាំ២០២៣ សម្រេចបាន​ជិត ៦៥ភាគរយ ​នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣។

រយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែល ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើ​ធៀប​នឹង​ចំណូល​ពន្ធអាករ​ក្នុង​រយៈពេល៧ខែ ​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន​ប្រមាណ ២,២១​ពាន់​លានដុល្លារ គឺ​កើនឡើង ៤,៦៥​ ភាគរយ​។​

សម្រាប់ ក្នុងខែកក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៧៣,៧៦ប៊ីលានរៀល (ប្រមាណជា ២៤០,៤៣លានដុល្លារ) ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្ត រក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ដល់បណ្តាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗបកកម្ពុជា។

លោក បានគូសបញ្ជាក់ថា ការណ៍នេះធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធមិនបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេស មូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។

ចំណូល​ពន្ធដារ​កើនឡើង​មានន័យថា សកម្មភាព​សេដ្ឋកិច្ច និង​អាជីវកម្ម​នោះ​ក្នុងប្រទេស​ កំពុងមាន​ដំណើ​រ​ទៅមុខ​ល្អ ព្រោះ​បើ​អាជីវកម្ម​បិទទ្វារ ចំណូល​ពន្ធដារ ឬ​ពន្ធ​ផ្ទៃក្នុង ​ក៏​នឹង​ធ្លាក់ចុះ​ដែរ​។ បើតាមការលើកឡើងរបស់ លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា កំណើន​ចំណូល​ពន្ធដារ គឺ​បានមកពី​ការខិតខំ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ តាមរយៈ​ការផ្សព្វផ្សាយ និង​កែសម្រួល​នីតិវិធី​បង់ពន្ធ​ជា​បន្តបន្ទាប់ ខណៈ ​ផ្នែក​ឯកជន​ក៏មាន​ការយល់ដឹង​កាន់តែច្រើន​ពី​កាតព្វកិច្ច​បង់ពន្ធ​រប​ស់​ពួកគេ​។

លោក បានបញ្ជាក់ថា ចំណូល​ពន្ធ គឺជា​ប្រភព​ថវិកា​ដ៏​សំខាន់​ សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ យកទៅ​អភិវឌ្ឍ​ប្រទេស តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់​​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យមកបណ្ដាក់ទុន​ផងដែរ​។​

គូសបញ្ជាក់ថា ច្បាប់​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ​បានកំណត់​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​ឱ្យបាន​ចំនួន​ប្រមាណ ៣ ៥៧១,៥៤​លាន​ដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)