Register Already an agent ? Login

ឥណ្ឌូណេស៊ី ទិញអង្ករកម្ពុជា តាមការចុះ MoU រយៈពេល៤ឆ្នាំ ប្រមាណ២៥០ ០០០សែនតោន ក្នុង១ឆ្នាំ

ភ្នំពេញ៖ រដ្ឋមន្រ្តីជាន់ខ្ពស់កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោន ក្នុងរយៈពេល១ឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយ លោក Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ការរៀបចំឡើងវិញនូវ MoUស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងជំនួបនេះ លោក ប៉ាន សូរស័ក្តិ បានស្វាគមន៏ លោក Pahala Nugraha Mansury ព្រមទាំងគណៈប្រតិភូទាំងអស់ដែលបានចូលរួមកិច្ចពិភាក្សានេះ។ លោក ក៏បានលើកឡើងពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងយ៉ាងរឹងមំា និងអត្ថប្រយោជន៍ភាពជាដៃគូទ្វេភាគីទាំងក្នុងកម្រិតតំបន់ និងពហុភាគី ព្រមទាំងកិច្ចការងាររួមគ្នាក្នុងការឆ្ពោះទៅមុខលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់សន្តិភាព ស្ថិរភាព និងជាពិសេស ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។

ជាកិច្ចឆ្លើយតបលោក Pahala Nugraha Mansury បានឯកភាពចំពោះការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ និងបានលើកឡើងនូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ទាំងប្រវត្តិសាស្រ្ត សាសនា វប្បធម៌ ជាពិសេស ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលមានទំហំកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ លោក បានបគូសបញ្ជាក់ថា ព្រមទាំងមានបំណងធ្វើកិច្ចសហប្រតិបត្តិការស្តីពីពាណិជ្ជកម្មអង្ករ ដោយចង់នាំអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ី ក្នុងគោលបំណងរក្សាបាននូវសុវត្ថិភាពស្បៀង និការប្រើប្រាស់ក្នុងប្រទេសផងដែរ។

នៅក្នុងកិច្ចពិភក្សានេះ ភាគីកម្ពុជាបានស្នើឱ្យភាគីឥណ្ឌូណេស៊ីមានកិច្ចសហប្រតិបត្តិការដែលបានផ្តួចផ្តើមដូចខាងក្រោម៖

- ជំរុញការបញ្ជាទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយៈយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាព រដ្ឋាភិបាល និងរដ្ឋាភិបាល (G2G), ឯកជន និង ឯកជន (B2B)

- លើកទឹកចិត្ត អ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ

- លើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចប្រជុំរវាងធុរកិច្ចប្រទេសទាំងពីរតាមរយៈជំនួបផ្ទាល់ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចការនាំចេញអង្ករនិងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។

នៅក្នុងជំនួបនេះ ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

ភាគីទាំងពីរ បានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោន ក្នុងរយៈពេល១ឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។ ភាគីទាំងពីរ បានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)