Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥% ៧ខែឆ្នាំ២០២៣

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានប្រមាណ ២៧.៦ពាន់លានដុល្លារ ៧ខែឆ្នាំ២០២៣ បានធ្លាក់ចុះជាង១៥% បើធៀបនឹងឆ្នាំ២០២២ ដែលសម្រេចបានប្រមាណ ៣២,៨ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១៣,៥ពាន់លានដុល្លារ ធ្លាក់ចុះ ១,៨% និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ១៤,១ពាន់លានដុល្លារ ធ្លាក់ចុះ ២៥,៦% បើធៀននឹងឆ្នាំ ២០២២។ បើតាមការបន្តនៅស្ថិតិខាងលើ។

បើតាមស្ថិតិដដែលបានបញ្ជាក់ថា ចិន លេខរៀងទី១ មានទំហំពាណិជ្ជកម្មសរុបជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨%, អាមេរិក លេខរៀងទីពីរ មានទំហំ​ពាណិជ្ជកម្មសរុបទាំងនាំចេញនិងនាំចូលប្រមាណ ៥,៣ពាន់លានដុល្លារ, រីឯ វៀតណាម បានឈរនៅលេខរៀងទី៣ បន្ទាប់មកមានថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។

គូសបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញ រួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។

លោក ជា វុទ្ធី អគ្គលេខាធិការរង​គណៈកម្មាធិការ​វិនិយោគ និង​គណៈ​ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ បានលើកឡើងថា ទោះបី​ការបន្ត​អូសបន្លាយ​ពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ភាព​តាន​តឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នៅតែ​បន្ត ក៏​លំហូរ​វិនិយោគ​បរទេស​នៅ​កម្ពុជា នៅតែមាន​ស្ថិរ​ភាពល្អ​គួរឱ្យកត់សម្គាល់​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

លោក បានគូសបញ្ជាក់ថា លំហូរ​ទុន​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថានភាព​ល្អប្រសើរ​ជាងគេ​ធៀប​នឹង​បណ្តា​ប្រទេស​សមាជិកសមាគម​អាស៊ីអាគ្នេយ៍​នានា​។​ កម្ពុ​ជា មាន​សក្តានុពល​សេដ្ឋកិច្ច សុខ​សន្តិ​ភាព ស្ថិរភាព​នយោបាយ និង​សេដ្ឋ​​កិច្ច​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)