Register Already an agent ? Login

លោក ថោង ខុន៖ កម្ពុជា នាំមុខគេលើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដារអាស៊ាន

ភ្នំពេញ៖ កម្ពុជា ជាប្រទេសនាំមុខគេក្នុងតំបន់លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនតាមស្តង់ដារអាស៊ាន។ បើតាមការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអ្នកជំនាញទេសចរណ៍

ការលើកឡើងខាងលើ របស់ លោក ថោង ខុន នៅក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានលើកឡើង រំលេចពីសមិទ្ធផលនានាដែលគណៈកម្មាធិការជាតិសម្រេចបានក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍លើយុវជន ស្របតាមយន្តការជាតិ និងអាស៊ាន។

នាឱកាសនោះ លោក ថោង ខុន បានណែនាំដល់ជំនាញត្រូវរៀបចំអនុវត្តការងារឱ្យបានកាន់តែសកម្មក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជនបម្រើការងារ មានដូចជាជំនាញស្ប៉ា-ម៉ាស្សា ចុងភៅ ជំនាញ MICE (Meeting, Incentive, Convention, Exhibition) ដែលវិញ្ញាបនបត្រជំនាញទាំងនេះនឹងត្រូវទទួលស្គាល់ដោយអាស៊ាន។

លោក បានបញ្ជាក់ថា ក្នុងនោះ រួមមានការរៀបចំកម្មវិធីសិក្សាការបណ្ដុះបណ្ដាលគ្រូ បទដ្ឋានគតិយុត្តិផ្សេងៗ ការអនុវត្តកម្មវិធីវាយតម្លៃអ្នកជំនាញមានបទពិសោធន៍ តែពុំមានវិញ្ញាបនត្របញ្ចូលកម្មវិធីសិក្សាទេសចរណ៍តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយចំនួន ព្រមទាំងកម្មវិធីសិក្សាផ្សេងៗ។ តាមការវាយតម្លៃរបស់វិទ្យាស្ថាន ERIA កម្ពុជា នៅតែជាប្រទេសដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន តាមស្តង់ដាកម្មវិធីរួម។ បើតាមការបន្ថែមរបស់ លោក ថោង​ ខុន។

លោក ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឆ្នាំ២០១១ កម្ពុជាបានចូលរួមចំណែកក្នុងកំណែទម្រង់ការអប់រំជំនាញវិជ្ជាជីវៈនៅកម្ពុជា ដែលបានផ្តល់នូវការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន ក្នុងនោះយុវជនកម្ពុជាទទួលបានចំណេះដឹង ជំនាញ និងមានឱកាសសម្រាប់ការងារនៅក្នុងតំបន់។

គួរកត់សម្គាល់ថា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានដឹកនាំសម្រេចការងារអាស៊ាន មានដូចជា៖

* ការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីការវាយតម្លៃលើការសិក្សាពីមុន (RPL)

* ការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីអនាម័យ និងសុវត្ថិភាព ដល់អ្នកជំនាញទេសចរណ៍ និងសហគមន៍ សម្រាប់ឧស្សាហកម្មទេសចរណ៍

* ការដឹកនាំរៀបចំកម្មវិធីសិក្សាជំនាញស្ប៉ា និងសុខុមាលភាពអាស៊ានជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)