Register Already an agent ? Login

រាជរដ្ឋាភិបាល កែប្រែឧទ្យានជាតិកែបពីផ្ទៃដីជាង ១,១ពាន់់ហិកតា ពង្រីកជាង ១,២ពាន់ហិកាតា ខណៈ ឧទ្យានជាតិព្រះមុនីវង្សបូកគោក៏ពង្រីកដែរ

កែប៖ រាជរដ្ឋាភិបាល បានសម្រេច កែប្រែកែប្រែឧទ្យានជាតិកែប ពីផ្ទៃដីទំហំ ១ ១៥២ហិកតា ដែលមាន ចែងក្នុងអនុក្រឹត្យលេខ១៣៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិកែប មកផ្ទៃដីទំហំ ១ ២៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ បើតាមអនុក្រឹត្យលេខ១៦៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ការកែប្រែ ឧទ្យានជាតិកែបផ្ទៃដីទំហំ ១ ១៥២ហិកតា ពង្រីកមកផ្ទៃដីទំហំ ១ ២៣០ហិកតា ជាសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ បើតាមការបញ្ជាក់នៅក្នុងអនុក្រឹត្យលេខ១៦៦។

សេចក្ដីសម្រេច នៅក្នុងអនុក្រឹត្យលេខ១៦៦ មាត្រា២ បានបញ្ជាក់ពីគោលបំណងពង្រីកផ្ទៃទំហំ ១ ១៥២ហិកតា មកផ្ទៃដីទំហំ ១ ២៣០ហិកតា ថា៖

– ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់ វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត

– លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ ដោយទីភាព

– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព

– ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ច គាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព

– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

បើតាមមាត្រា៣ បានបន្តថា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិកែប ដោយសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកែប ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការធ្វើវិនិយោគ ការចេញបណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្តីពីការកំណត់ តំបន់ឧទ្យានជាតិកែប ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូត ដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។ បើតាមមាត្រា៤ នៃសេចក្ដីសម្រេច នៅក្នុងអនុក្រឹត្យលេខ១៦៦។

បើតាមសេចក្ដីសម្រេច នៅក្នុងអនុក្រឹត្យលេខ១៦៦ដដែល មាត្រា៥ ក៏បានបញ្ជាក់ថា អនុក្រឹត្យលេខ១៣៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិកែប និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

សូបញ្ជាក់ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ហិតតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ១ ៦៥៨ហិកតា មានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)