Register Already an agent ? Login

កម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណ១២.១៨លាននាក់ ៧ខែឆ្នាំ២០២៣ ខណៈក្រសួងរំពឹងកើនដល់១៦លាននាក់

ភ្នំពេញ៖ កម្ពុជា ទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១២.១៨លាននាក់ រយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ខណៈ ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V។

រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២លាននាក់ ខណៈ ក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ១លាន១សែននាក់។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ៧ខែឆ្នាំ២០២៣ ភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១២.១៨លាននាក់។

បើតាមក្រសួងទេសចរណ៍ បានលើកឡើងថា ជាធម្មតាខែកក្កដា និងខែសីហា ជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀងអាចមានជំនន់ទឹកភ្លៀងដោយកន្លែង ម្យ៉ាងវិញទៀត ខែទាំង២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែ ចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។

ក្រសួងទេសចរណ៍ រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១៦លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។

ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ លើក​ទី​៨ ឆ្នាំ​២០២៣ នៅលើ​ទឹកដី​អង្គរ កាលពីព្រឹក​ថ្ងៃទី៦ ​ខែសីហា នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងដោយរំពឹងថា កម្ពុជា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ​៥​លាន​នាក់ នៅ​ឆ្នាំ​២០២៣​នេះ នឹងមាន​ការកើនឡើង​ដល់​ ៧​លាន​នាក់ ​នៅ​ឆ្នាំ២០២៦​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)​