Register Already an agent ? Login

សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ ចុះមកសិក្សានិងពិនិត្យលទ្ធភាព បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នាំទៅទីផ្សារពិភពលោក

ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស មានគម្រោងសិក្សា និងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទីគ្រាប់ស្វាយ នៅកម្ពុជា ក្នុងការនាំចេញទៅទីផ្សារពិភពលោក។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាមួយ ប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute) និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោកបណ្ឌិត Heo Jang ដែលជាប្រធានគម្រោង បានជម្រាបអំពីបំណង ក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា។ លោក បានបញ្ជាក់ថា ដោយពិនិត្យឃើញថា កន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។

ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េ មានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។ បើតាមការបន្តរបស់ លោកបណ្ឌិត Heo Jang បានបន្តទៀតថា តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើទីគ្រាប់ស្វាយចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។

បើតាមជំនួបនេះ លោក រាជ រ៉ា បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (AOAA) ដែលមានបំណងក្នុងការចូលរួមលើកស្ទួយវិស័យស្វាយចន្ទីនៅកម្ពុជា។

នាឱកាសនោះ លោក រាជ រ៉ា បានជម្រាបជាសង្ខេបអំពីខ្លឹមសារនៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលទើបទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

លោក បានបន្តថា ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីចុងឆ្នាំ២០២២ កន្លងទៅ។

នៅក្នុងបរិយាកាសនោះ លោក រាជ រ៉ា ក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន។

លោក បញ្ជាក់ថា ដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)