Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានជាង ៨៦០លានដុល្លារ ធ្លាក់ជិត៨ភាគរយ ៦ខែឆ្នាំ២០២៣

ភ្នំពេញ៖ ចាប់ពី​ខែមករា​ ដល់​ខែមិថុនា ឆ្នាំ​២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និងជប៉ុន មាន​ទឹកប្រាក់​សរុប ៨៦០,២៨​លាន​ដុល្លារ ធ្លាក់ចុះ ៧,៩% ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។ តារាង​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ ​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា។

បើតាមតារាង​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរ​​ជាតិ​ បានឱ្យដឹងទៀតថា ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មាន​ទឹកប្រាក់ ៥៤៥,០១​លាន​ដុល្លារ កើន ០,៦% រីឯ ​ជប៉ុន​នាំមក​កម្ពុជា​វិញ​ មានទឹកប្រាក់ ៣១៥,២៦​ លាន​ដុល្លារ ធ្លាក់​ចុះ ១៩,៧​%​។ ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​៥ របស់​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀត​ណា​ម និង​ថៃ​។​

ផលិតផល​សំខាន់​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មានដូចជា៖ សម្លៀក​​បំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល រីឯ ​ជប៉ុន​នាំមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក និង​គ្រឿងចក្រ​ក្នុង​វិស័យ​កសិកម្ម​ជាដើម​។​

គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ជប៉ុន​ជា​ប្រទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ​ទី៤ ដោយមាន​ប្រាក់​សរុប ១១,៣​ទ្រី​លាន​រៀល ​(​កើន ១១,៦% ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ នេះបើយោងតាមរបាយការណ៍ ​ធនាគារជាតិ​នៃ​កម្ពុជា បានបញ្ជាក់ថា វិនិយោគិន​ជប៉ុន ​ភាគច្រើន​វិ​និ​យោគ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​អចលន​​ទ្រព្យ ជាដើម​។

​បើតាមភ្នំពេញប៉ុស្តិ៍​ ដែលបានស្រង់សំដី លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាថា ទោះបី​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​គឺ​នៅមាន​សញ្ញា​វិជ្ជមាន ដែល​នេះ​បញ្ជាក់ថាទំនិញ​កម្ពុជា គឺមាន​តម្រូវការ​ខ្ពស់​នៅ​ជប៉ុន បើ​ទោះ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​មិនសូវ​ល្អ​ក៏ដោយ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)