Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីប្រមាណ ២%ទៀតនឹងបញ្ចាប់ទាំងស្រុង

ភ្នំពេញ៖ គម្រោងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ វឌ្ឍនភាពសម្រេចបានជាង ៩៨ភាគរយ ខណៈ មានមន្រ្តីមួយចំនួនកំពុងបំពេញការងារនៅក្នុងអគារថ្មីនេះ។ នេះបើតាមការចុះពិនិត្យរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ការចុះពិនិត្យនេះធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ២០២៣ ដែលអមដំណើរដោយ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនគូប្លង់ផងដែរ។

នាឱកាសដែល សម្ដេចក្រឡាហោម ចុះពិនិត្យនេះ លោក ទូច គីម អគ្គនាយកក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានធ្វើសេចក្ដីរាយការណ៍ជូនស ម្ដេចក្រឡាហោម ថាដំណើរការសាសងសង់អគារទីស្ដីការក្រសួងមហាផ្ទៃណៅសល់ប្រមាណ ២ភាគរយទៀត នឹងបញ្ចប់ទាំងស្រុង ខណៈ ក្រុមហ៊ុនកំពុងឈានទៅបង្ហើយការសាងសង់ដែលនៅសេសសល់។

សូមរម្លឹកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ថវិកា​សាងសង់​សរុប​ប្រមាណ​ ៦០លាន​ដុល្លារ​។ អគារនេះ មានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។

ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី ព្រះនរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បានកំណត់ជាផែនការសាងសង់ជាក់លាក់ ដោយគិត​ចាប់​ផ្ដើមដំណើរការសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០២១ គ្រោងបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៣។

គួរ​បញ្ជាក់​ថា ​​​​​​ចាប់តាំងពីឆ្នាំ២០២១មក អគារ​ស្ថាប័នរដ្ឋ​ដ៏​ស្កឹមស្កៃ​​ជា​ច្រើន ​​​ត្រូវ​បាន​សាងសង់​ថ្មី​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ តួយ៉ាងដូចជា អគារ​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​សម្ពោធកាលពីថ្ងៃទី​២២ ខែមករា ឆ្នាំ​ ២០២១, អគារ​ទីស្តីការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​បាន​សម្ពោធ​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ២០២១, អគារ​ក្រសួង​ការពារ​ជាតិ​ថ្មី បាន​សម្ពោធ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)