Register Already an agent ? Login

កំណើតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ទ្រទ្រង់ដោយវិស័យធំៗ៣ គឺ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម

ភ្នំពេញ៖ តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣ ត្រូវបានទ្រទ្រង់ដោយ វិស័យឧស្សាហកម្ម និន្នាការកើនឡើងក្នុងអត្រា ៩,២% , វិស័យសេវាកម្ម កើនឡើងក្នុងអត្រា ៦,៦% , វិស័យកសិកម្ម និន្នាការកើនឡើង ក្នុងអត្រា ១,១%។ បើតាមការសង្ខេបថវិកាឆ្នាំ២០២៣ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

១-វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣ ប្រហាក់ប្រហែលទៅនឹងកំណើនឆ្នាំ២០២២ ក្នុងអត្រា ៩,០% ដោយសារ ការរំពឹងទុកលើការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈ ដែលអនុវិស័យសំណង់ត្រូវបានព្យាករថានៅបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាងនិន្នាកា រធម្មតា (មុខវិបត្តិកូវីដ-១៩)។

អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថានឹងបន្តកើនឡើងដោយសារការរំពឹងទុកលើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក ស្របជាមួយការរំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ដូចជាមីយ៉ាន់ម៉ា ជាដើម។ ការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងការរូបកម្ពុជា ២០២២ ២០២៧ ត្រូវបានរំពឹងថានឹងជួយជំរុញបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរ។

យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមាន ភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។ អនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ រំពឹងថានៅបន្តសម្រេចបានកំណើនល្អប្រសើរ ដែលមួយផ្នែកនឹងបន្តជំរុញ ដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។

និន្នាការល្អប្រសើរ នៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះ លើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗមួយចំនួនរួមមាន គ្រឿងសង្ហារិម, ស្បែកសត្វមានរោម, ក្តារកុងបា្លកេ, ឈើមូល ឬឈើអារ និងឈើ veneer, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, បន្ទះសូឡា, គ្រឿងអេឡិចត្រូនិក និងភាពបំណែក, ខ្សែភ្លើង និងបង្គំខ្សែភ្លើង, ស្ករស, និងកសិផលកែច្នៃផ្សេងៗជាដើម។ ទន្ទឹមនេះ, ការដាក់ចេញនូវ ច្បាប់ ស្តីពីវិនិយោតនៃព្រះរាជាណាចក្រកម្ពុជា នឹងអាចរួមចំណែកបង្កើនបរិយាកាសវិនិយោតឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

ដោយឡែក អនុវិស័យសំណង់ ត្រូវបានរំពឹងថានឹងបន្ត កំណើនទាបជាងនិន្នាការធម្មតាដោយសារការរំពឹងទុកការងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគ ពីបរទេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅឋានក៍ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។

ទី២-វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។

អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថាបន្តនិន្នាការងើបឡើងវិញ ដោយសារការរំពឹងទុកលើការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលភ្ញៀវទេសចរជាតិ ក៏ត្រូវបានរំពឹងថានឹងបន្តកើនឡើងជាមួយនឹងសន្ទុះលឿនជាងភ្ញៀវទេសចរអន្តរជាតិ ដោយសារការដកចេញនូវរបាំងធ្វើដំណើរផ្សេងៗ និងការវិលត្រឡប់រកប្រក្រតីភាពវិញនៃសង្គមសេដ្ឋកិច្ច។

អនុវិស័យលក់រាយ ត្រូវបានរំពឹងថានឹងបន្តនិន្នាការកើនឡើង ដោយសារការរំពឹងទុកលើការបន្ត ងើបឡើងវិញនូវចំណូលរបស់ប្រជាជន និងសកម្មភាពចាយវាយក្នុងស្រុកគួបផ្សំនឹងការផ្លាស់ប្ដូរ ឥរិយាបថនៃអាជីវកម្ម ក៍ដូចជាសកម្មភាពទិញ-លក់ពីបែបប្រពៃណី (Brick-And-Morta) ដោយជំនួសមកវិញនូវការប្រើប្រាស់ថ្នាលឌីជីថល ដែលការណ៍នេះនឹងបន្តជំរុញបន្ថែមទៀតដល់ សកម្មភាពប្រើប្រាស់ក្នុងស្រុកជារួម។

អនុវិស័យអចលនទ្រព្យ ត្រូវបានរំពឹងថានឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតដោយសារការរំពឹងទុកលើការបន្តងើបឡើងវិញយឺតនៃរំហូរទុន វិនិយោគពីបរទេស និងកំណើនទាបនៃសកម្មភាពទិញ-លក់អចលនទ្រព្យជារួម។ អនុវិស័យដឹកជញ្ជូននិងគមនាគមន៍ ត្រូវបានរំពឹងថានឹងបន្តកើនឡើង គាំទ្រដោយការបន្តងើបឡើងនៃ សកម្មភាពដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាព គមនាគមន៍ក៍នៅបន្តរក្សានិន្នាការល្អប្រសើរ ដោយសារការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណិត និងឌីជីថលក្នុងអាជីវកម្ម និងជីវភាពប្រចាំថ្ងៃ ក្នុងគន្លងប្រក្រតីភាពថ្មី ។

ទន្ទឹមនេះ, ការដាក់ចេញ និងអនុវត្តនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងនឹងលើកកម្ពស់ ការប្រើប្រាស់ទំនិញ និងសេវាឌីជីថលនៅកម្ពុជា។

ទី៣-វិស័យកសិកម្ម ត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុងឆ្នាំ២០២៣ ធៀបនឹង០,៧% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើនល្អ ប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ។

អនុវិស័យដំណាំ ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកកំណើន ល្អប្រសើរនៃការដាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលនឹងបន្ទ ជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។

អនុវិស័យចិញ្ចឹម សត្វត្រូវបានរំពឹងថានឹងនៅបន្តរក្សាកំណើនខ្ពស់ ដោយសារការរំពឹងទុកលើការបន្តកើនឡើងនៃ ផលិតកម្មជ្រូក គួបផ្សំនឹងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តតម្រោងរបស់ ដៃតួអភិវឌ្ឍនានា។ ទន្ទឹមនេះ, អនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញផ្អែកលើ ការរំពឹងទុកនូវការកើនឡើងសន្សឹមៗ ទាំងផលចាប់ទឹកសាបនិងផលិតកម្មវារីវប្បកម្ម, ដោយសារ ការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ តាមរយៈការដោះស្រាយបញ្ហាប្រឈម ជារចនាសម្ព័ន្ធ, ការគាំទ្រផ្នែកហិរញ្ញប្បទាន, ការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគុណភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)