Register Already an agent ? Login

ការស្ទង់មតិ ភាពពេញចិត្តរបស់អ្នកជាប់ពន្ធចំពោះការផ្ដល់សេវារបស់ពន្ធដារ ពេញចិត្តជាង៤៥% ខណៈមិនសូវពេញចិត្តជិត២%

ភ្នំពេញ៖ លទ្ធផលនៃការស្ទង់មតិស្ដីពីកម្រិតនៃភាពពេញចិត្តរបស់អ្នកជាប់ពន្ធចំពោះការផ្ដល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ មានការពេញចិត្ត៤៥.៤៨%, ពេញចិត្តណាស់៣៩.៧៣%, មធ្យម១១.៩៧% មិនសូវពេញចត្ត១.៩៩% ខណៈមិនពេញចិត្ត០.៨២%។ បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ១៦ នៃអគ្គនាយកដ្ឋានពន្ធដារ។

តាមរយៈលទ្ធផលនៃកម្មវិធីស្ទង់មតិដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដើម្បីស្ទាបស្ទង់ពីកម្រិតនៃភាព ពេញចិត្តរបស់អ្នកជាប់ពន្ធចំពោះគុណភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារបាន បង្ហាញឱ្យឃើញថាកម្រិតនៃភាពពេញចិត្តរបស់អ្នកជាប់ពន្ធ មានអត្រាខ្ពស់ គួរជាទីកត់សម្គាល់ បើប្រៀបធៀបទៅនឹងកម្រិតនៃភាពមិនពេញចិត្ត។

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងដោយមានមោទកភាពថា នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីសមិទ្ធផលជាផ្លែផ្កាពិតៗ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារជាបន្តបន្ទាប់និងឥតឈប់ឈរក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើបរិវត្តកម្មប្រែក្លាយជារដ្ឋបាល សារពើពន្ធទំនើបនិងទាន់សម័យប្រកបដោយសមត្ថភាពកម្រិតវិជ្ជាជីវៈខ្ពស់ ដែលផ្តល់ជូនអ្នកជាប់ពន្ធនូវលទ្ធភាពនិងមធ្យោបាយល្អប្រសើរប្រកបដោយតម្លាភាពខ្ពស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។

យោងតាមលទ្ធផលនៃកម្មវិធីស្ទង់មតិនេះ អ្នកជាប់ពន្ធភាគច្រើនបានបង្ហាញពីការពេញចិត្តចំពោះភាពងាយស្រួលច្បាស់លាស់ និងលឿនរហ័សលើកិច្ចការបំពេញកាតព្វកិច្ចសារពើពន្ធ ពិសេសគឺចំពោះការផ្តល់សេវាតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានព្រមទាំងការផ្តល់ជម្រើសច្រើន និងងាយស្រួលក្នុងការទទួលបានព័ត៌មានក៏ដូចជាសវា សំណួរចម្លើយដែលមានជាអាទិ៍ មជ្ឈមណ្ឌលពិគ្រោះយោបល់តាមទូរសព្ទ ១២៧៧ និងកម្មវិធី GDT Live របស់អគ្គនាយ Chat ជាដើម។ បើតាមការលើកឡើបន្តរបស់ អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមថា ទន្ទឹមនឹងនេះ មតិយោបល់ត្រឡប់ពីអ្នកជាប់ពន្ធដែលទទួលបានពីកម្មវិធីស្ទង់មតិនេះក៏បាន លើកជាសំណូមពរផ្តល់ជាមតិយោបល់និងធាតុចូលបែបស្ថាបនាសំខាន់ៗមួយចំនួនសម្រាប់បន្តធ្វើការកែលម្អ និងបង្កើនគុណភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា វិធីសាស្ត្រនៃការស្ទង់មតិស្តីពីកម្រិតនៃភាពពេញចិត្តរបស់អ្នកជាប់ពន្ធ ត្រូវបានធ្វើឡើង តាមរយៈការផ្តល់ជាកម្រងសំណួរលើសេវាចំនួន៤ គឺសេវាចុះបញ្ជី សេវាពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬ សិទ្ធិកាន់កាប់អចលនទ្រព្យ សេវាទទួលលិខិតប្រកាសសារពើពន្ធ និងសេវាលើការបង់ពន្ធលើអចលនទ្រព្យ ដោយស្នើសុំឱ្យអ្នកជាប់ពន្ធដែលបានបកទទួលសេវានៅតាមបញ្ជរផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារមួយចំនួនធ្វើការបំពេញដោយស្ម័គ្រចិត្ត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)