Register Already an agent ? Login

អង្គការ KOICA ប្ដេជ្ញាពង្រីកការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការកសាងជំនាញវិជ្ជាជីវៈក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា និងពាំនាំបទពិសោធន៍នៃការអភិវឌ្ឍជំនាញនៅប្រទេសខ្លួនមកបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Rho Hyun Jun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» នាព្រឹកថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោក អ៉ិត សំហេង បានថ្លែងអំណរគុណចំពោះ KOICA ដែលកន្លងមកបានសហការ និងជួយគាំទ្រការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន TVET ដូចជា ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ គ្រូបច្ចេកទេស និងសិស្ស-និស្សិត ផ្តល់អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបណ្តុះបណ្តាលជាដើម។ លោក បានបន្តថា ខ្ញុំមានការពេញចិត្តចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ពីសំណាក់ដៃគូអង្គការ KOICA ខណៈសាធារណរដ្ឋកូរ៉េក៏មានការរីកចម្រើនលើវិស័យបច្ចេកវិទ្យានៅលើពិភពលោកផងដែរ។

លោក អ៉ិត សំហេង បានបង្ហាញក្ដីសង្ឃឹមថា ភាគីសាធារណរដ្ឋកូរ៉េតាមរយៈអង្គការ KOICA នឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជាបន្ថែមទៀត ដើម្បីជួយអភិវឌ្ឍធនធានមនុស្សលើវិស័យ TVET ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

គម្រោងកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា ជាពិសេសចូលរួមគាំទ្រផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន៥សែននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣នេះ។ បើតាមការបញ្ជាក់របស់ លោក អ៉ិត សំហេង។

លោក Rho Hyun Jun បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានគាំទ្រលើបេសកកម្មរបស់ KOICA រយៈពេល២០ឆ្នាំមកនេះ ជាពិសេសលើបេសកកម្មក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយ KOICA ក៏ប្តេជ្ញាចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបណ្តុះបណ្តាលធនធានមនុស្សជាបន្តទៀត។

លោកនាយក បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់បំផុតទី២ នៅក្នុងតំបន់ក្នុងការជួយអភិវឌ្ឍជំនាញ TVET ហើយក៏បានប្ដេជ្ញាពាំនាំបទពិសោធន៍នៃការបណ្ដុះបណ្ដាលជំនាញនៅប្រទេសខ្លួន មកជួយបណ្ដុះបណ្ដាលដល់ប្រជាជនកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជីវភាពប្រជាជន អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

គួរបញ្ជាក់ថា គម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា អនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣-២០២៧ ដែលមានគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់គុណភាព TVET តាមរយៈការកែលម្អកម្មវិធីសិក្សា និងបរិយាកាសបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេសក្នុងវិស័យ ICT៕

ដោយ៖ មឿន ឌីណា (Moeun Dyna)