
ភ្នំពេញ៖ ការប្រមូលពន្ធនៅក្នុងឆមាសទី១ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ មាន កម្មន្តសាលភេជ្ជៈឬផលិតភេជ្ជៈថយចុះ ១២,៨៩% ,វិស័យអចលនទ្រព្យថយចុះ ៣,៨៨% ខណៈ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កម្មអចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣%។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបានចំនួន ៨ ៣៩៣,១៧ពាន់លានរៀល (ប្រមាណ ២ ០៧២,៣៩លានដុល្លារ) នៅក្នុងឆមាសទី១។ ចំណូលដែលសម្រេចបាននេះ គឺស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល៦ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់ផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៤៦៥,៣៩ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១,៧០លានដុល្លារ)។
សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦០% ហើយការប្រមូលចំណូលពន្ធដារត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥%។
ដើម្បីសម្រេចបាននូវទំហំនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការគ្រប់គ្រងចំណូលពន្ធ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈ ផលិតផលថ្នាំជក់ និងបារី ដោយធានាឱ្យបាននូវនិរន្តភាពចំណូលពន្ធ ដែលជាគុណប្រយោជន៍នៃថវិកាជាតិ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បន្តអនុវត្តវិធានការទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ ហើយមិនបានចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ។ ជាពិសេស គឺយកចិត្តទុកដាក់ចំពោះការស្នើសុំបិទសហគ្រាសជាស្ថាពរ និងពង្រឹងលើកការងារសវនកម្មសម្រាប់សហគ្រាសស្នើសុំបិទ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)