
ព្រៃវែង៖ ផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ប្រវែង៩៦,៤៨គីឡូម៉ែត្រ ដែលបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់គម្រោងប្រមាណ ៩៨,៣៨លានដុល្លារ សមិទ្ធិផលនេះ បាន និងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ។
ផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ប្រវែង ៩៦,៤៨គីឡូម៉ែត្រ ចំណុចចាប់ផ្ដើមចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ចំណុចបញ្ចប់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

រយៈពេលសាងសង់ ៤៤ខែ (ប៉ុន្តែការសាងសង់ ជាក់ស្តែងត្រឹមតែ ៣០ខែ ប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លឿនជាងផែនការគ្រោងទុក១៤ខែ) ទំហំទឹកប្រាក់គម្រោងប្រមាណ ៩៨,៣៨លានដុល្លារ។
គម្រោងផ្លូវជាតិនេះ សាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

សមិទ្ធិផលនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ។
ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គរួមមាន៖ ១-ផ្លូវអាស៊ានហាយវ៉េយ (AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវជាតិលេខ១១ ត្រង់ចំណុចអ្នកលឿង។

និង ២-ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិលេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)