
ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែងផ្លូវសរុប ៥២,៩៨គីឡូម៉ែត្រ ចាប់សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រវាត់ក្រុងមួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ។
ផ្លូវក្រវាត់ក្រុងខ្សែទី៣ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បញ្ចប់ការសាងសង់ ឆ្នាំ២០២៣ ដោយ៖ ក្រុមហ៊ុន Shanghai Construction Group Co., Ltd. ត្រួតពិនិត្យដោយ៖ ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។

ក្រវាត់ក្រុងខ្សែទី៣ ប្រវែងផ្លូវសរុប ៥២,៩៨គីឡូម៉ែត្រ និងផ្លូវខ្នែង ៥,៣៦គីឡូម៉ែត្រ ចំណុចចាប់ផ្តើមផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ ១៤+១០៥ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណុចបញ្ចប់ផ្លូវជាតិ១ ត្រង់ចំណុចគីឡូម៉ែត្រ២៤+៨៤០ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។

ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន។

ពិសេសជាងនេះទៅទៀត ខ្សែផ្លូវនេះ ក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ៕




ដោយ៖ មឿន ឌីណា (Moeun Dyna)