
កំពត៖ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ មានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) គិតមកត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ វឌ្ឍនភាពការងារសម្រេចលទ្ធផលសរុបចំនួន ៣៣,៣៩%។ បើតាម មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងផ្លូវនេះ មានប្រវែងប្រមាណ ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរនៃខេត្តកែប។
គម្រោងនេះ គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ក្នុងនោះមានរួមមាន៖ ១-ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧គីឡូម៉ែត្រ, ២-ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៨គីឡូម៉ែត្រ,និង៣-ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៦,៧៦គីឡូម៉ែត្រ។
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង ដែលបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់គម្រោងផ្លូវលេខ៣៣ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។

លោក បានបន្តថា លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។
គូសបញ្ជាក់ថា ការចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)