
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលបាន ៨ ៣៩៧,១៩ប៊ីលានរៀន (ប្រមាណ ២ ០៧២,៣៩លានដុល្លារ) តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ក្នុងឆមាសទី១ ឆ្នាំ២០២៣។ បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ១៥ នៃអគ្គនាយកដ្ឋានពន្ធដារ។
សម្រាប់ក្នុងខែមិថុនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធខាងលើ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ បានចំនួន ៩៩៥,០១ប៊ីលានរៀល (ប្រមាណជា ២៤៥,៦៨លានដុល្លារ)។

នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ១៥ លោក គង់ វិបុល បានលើកឡើងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានគោលនយោបាយលើកទឹកចិត្ត និងបរិយាកាសវិនិយោគល្អប្រសើរ បានទាក់ទាញវិនិយោគិននិងធុរជនមកបណ្ដាក់ទុននៅកម្ពុជាកាន់តែកើនឡើងបន្ថែមទៀត។
លោក គង់ វិបុល បានបញ្ជាក់ថា «មូលដ្ឋានគ្រឹះដ៏សំខាន់ទាំងនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដាររក្សាបាននូវកំណើននៃការគ្រប់គ្រងណូលពន្ធប្រកបដោយចីរភាព»។

លោក ស្រី ប៊ុន នារី អគ្គនាយរងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកនៅក្នុងសិក្ខាសាលាស្តីពី ច្បាប់ស្ដីពីសារពើពន្ធ (២០២៣) កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា កន្លងមក អគ្គនាយដ្ឋានពន្ធដារបានអនុវត្តច្បាប់ស្ដីសារពើពន្ធ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងច្បាប់បទដ្ឋានផ្សេងៗទៀត។

ការអនុវត្តច្បាប់បទដ្ឋានផ្សេងៗនោះ ដែលត្រូវបានបង្កើតឡើងតាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និងតាំងពីនីតិកាលទី១ នៃរដ្ឋសភាម្ល៉េះ ដែលមានអាយុកាលជាច្រើឆ្នាំមកហើយ។ បើតាមការបន្តរបស់ លោកស្រី ប៊ុន នារី បានបន្ថែមថា បទប្បញ្ញត្តិមួយចំនួនត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងបទប្បញ្ញត្តិមួយចំនួនត្រូវបានកែសម្រួលជាច្រើនលើកច្រើនសាដែលមិនទាន់មានសង្គតិភាពក្នុងការប្រើប្រាស់ពាក្យពេជន៍ ដែលមិនមានភាពងាយស្រួលក្នុងការស្វែងរកនៅឡើយ។
លោកស្រី ប៊ុន នារី បានបន្ថែមទៀតថា ចាប់ពីឆ្នាំ២០១៥ អគ្គនាយដ្ឋានពន្ធដារ បានផ្ដួចផ្ដើមឱ្យមានការរៀបចំសេចក្ដីព្រាងច្បាប់ថ្មី ដោយឆ្លងកាត់ការប្រជុំពិភាក្សាកម្រិតបច្ចេកទេសជាច្រើនលើកច្រើនសា ព្រមទាំងពិគ្រោះយោបល់ស្ថាប័ន-អង្គភាពាក់ព័ន្ធ និងវិស័យជនរហូតបានជាសេចក្ដីព្រាងច្បាប់ ស្តីពីច្បាប់សារពើពន្ធថ្មីនេះ។

គូសបញ្ជាក់ថា ច្បាប់ស្ដីពីសារពើពន្ធ (២០២៣) បានប្រកាសឱ្យដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
ច្បាប់ស្ដីពីសារពើពន្ធ (២០២៣) អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្ទាល់ និងតាមអនឡាញដទៃទៀតចំនួន ៦ដង ដោយមានអ្នកចូលរួមប្រមាណ ១,៧៩៣នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)