
សៀមរាប៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ប្រវែង១០៨,៧៤គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ទំហំទឹកប្រាក់គម្រោង ប្រមាណជិត ១៤៩,២១៦លានដុល្លារ គឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប គឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ ក្នុងការតភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជន ក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលនៅជាយក្រុង និងតភ្ជាប់ទៅ កាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា។

ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងខេត្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងកាត់ បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ។

រាជរដ្ឋាភិបាល បានកំណត់ខេត្តសៀមរាប ជាតំបន់ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី៣ ជាមួយគ្នានេះ ក៏មានខេត្តមួយចំនួនទៀតផងដែររួមមាន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរ មានជ័យ ដែលជាគោលដៅទេសចរណ៍វប្បធម៌ បូជនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយ សក្តានុពលសេដ្ឋកិច្ច សម្បូរណ៍បែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនចូលមក ទស្សនា។

ក្រៅពីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែហើយនោះ ក៏នៅមានការស្ដារ កែលម្អធ្វើឱ្យប្រសើរឡើងដងស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ និងធម្មជាតិ ក៏ដូចជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ ផ្លូវ ៣៨ខ្សែនេះជា សរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភណ្ឌភាពរបស់ខេត្ត។

ផ្លូវទាំងនេះ នឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង ក្នុងការទទួលបានសមិទ្ធផលប្រកបដោយបរិយាប័ន្ន៕



ដោយ៖ មឿន ឌីណា (Moeun Dyna)