Register Already an agent ? Login

ដើមខែនេះ ភ្ញៀវទេសចរអន្តរជាតិកម្សាន្តទូទាំងប្រទេសកើនជិត៨% ខណៈភ្ញៀវក្នុងស្រុកថយចុះជាង៨% សរុបជិត៣សែននាក់

ភ្នំពេញ៖ ភ្ញៀវទេសចរប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣ ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស ភ្ញៀវសរុបមានចំនួន ២៨៦.៩៥៩នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៥០,៨៨៧នាក់ ភ្ញៀវអន្តរជាតិ ៣៦,០៧២នាក់។ នេះបើតាមរបាយការណ៍ ដែលក្រសួងទេសចរណ៍ ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

បើតាមរបាយការណ៍ ដែលក្រសួងទេសចរណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវសរុបមានចំនួន ២៨៦.៩៥៩នាក់ ក្នុងនោះ៖ ភ្ញៀវជាតិ ២៥០,៨៨៧នាក់ និងភ្ញៀវអន្តរជាតិ ៣៦,០៧២នាក់ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះ ភ្ញៀវជាតិថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិកើនឡើង ៧,៧៧% ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣។

ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ បានបន្តថា កាលពីថ្ងៃទី៧ ខែកក្កដា សប្តាហ៍មុន គឺជាខួបលើកទី១៥ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២) ហើយថ្ងៃទី៨ ខែកក្កដា គឺជាខួបឆ្នាំទី៦ នៃការចុះបញ្ជី “ប្រាសាទសំបូរព្រៃគុន” ជាបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៣)។

បើតាមរបាយការណ៍ដដែលនេះ បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦១,៣៨០នាក់, ខេត្តបាត់ដំបង ៣៤,០៨០នាក់, រាជធានីភ្នំពេញ ៣២,៧២៧នាក់, ខេត្តកំពត ២៨,១៣៧នាក់, ខេត្តសៀមរាប ២០,២៦៨នាក់, ខេត្តកណ្តាល ២០,៥៤១នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)