
ភ្នំពេញ៖ រាជរដ្ឋភិបាល បានកាត់ផ្ទៃដីចំនួន៣ទីតាំង ទំហំសរុប ១៣៣.៧២៩ម៉ែត្រក្រឡា ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឱ្យទៅ លោក ឡាញ់ ភារ៉ា ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។ នេះបើតាមអនុក្រឹត្យលេខៈ.០២.អនក្រ.បក ស្តីពី ការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
បើតាមអនុក្រឹត្យលេខៈ.០២.អនក្រ.បក ក្នុងមាត្រា១ បានលើកឡើថា ការកាត់ដីទាំង៣ទីតាំង ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៣.២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
នៅក្នុងមាត្រា១ ដដែល បានបន្តថា ដីទាំង៣ទីតាំងរួមមាន៖
ទីតាំងទី១. មានផ្ទៃដី ទំហំ ៦៤.៥២៤ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទីតាំងទី២. មានផ្ទៃដី ទំហំ ៥៩.៤០១ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទីតាំងទី៣. មានផ្ទៃដី ទំហំ ៩.៨០៤ម៉ែត្រក្រឡា ស្ថិតនៅ ភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមមាត្រា២ នៃអនុក្រឹត្យលេខៈ.០២.អនក្រ.បក បានបន្តទៀតថា ត្រូវបានធ្វើប្រទានកម្មផ្ទៃដីចំនួន០៣ទីតាំង ទំហំសរុប ១៣៣.៧២៩ម៉ែត្រក្រឡា ស្ថិតក្នុងសង្កាត់គោករកា និងសង្កាត់ ពន្សាង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខាងលើ ជាកម្មសិទ្ធិជូន លោក ឡាញ់ ភារ៉ា ដោយពន្ធ និងអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ៕


ដោយ៖ មឿន ឌីណា (Moeun Dyna)