Register Already an agent ? Login

កំពង់ផែទេសចរណ៍ដ៏ធំមួយខេត្តព្រះសីហនុ បានបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ លើដីជាង២ហិកតា

ព្រះសីហនុ៖ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការ៉េ បានដាក់ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

អ្នកឧកញ៉ា ទៀ វិចិត្រ ជាអគ្គនាយក ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានលើកឡើងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្តលើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុនបានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការេ។

កំពង់ផែមួយនេះ គឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ។ បើតាមការបញ្ជាក់របស់ អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្តថា កំពង់ផែនេះ អាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងបន្តថា ការវិនិយោគដ៏មានតម្លៃមួយនេះ និងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួល បដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេស នានាទូទាំងសកលលោក។ លោក ក៏បានបញ្ជាក់ទៀតថា «កំពង់ផែទេសចរណ៍នេះគឺជាផ្នែកមួយដើតួយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ»។

នៅក្នុងពិធីនេះដែរ លោក គួច ជំរើន អភីបាលខេត្តព្រះសីហនុ ក៏បានស្នើសុំការគាំទ្រពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីផ្លាស់ប្តូរភ្ញៀវទេសចរមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។

លោក បានបន្តថា នាពេលកន្លងមកខេត្តព្រះសីហនុ មិនទាន់មានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនៅឡើយទេ ដោយគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែនេះឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាទឹកដីក្រុងព្រះសីហនុនាពេលខាងមុខផងដែរ។

កំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏សំខាន់មួយដែលនឹងផ្តល់នូវភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរ មកពីគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។ បើតាមការថ្លែងរបស់ លោក ថោង ខុន។

លោក បានគូសបញ្ជាក់ថា វិស័យទេសចរណ៍«ទេសចរណ៍វប្បធម៌ និងធម្មជាតិ» ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា កំពង់ផែទេសចរណ៍ និងសម្បទាទ្រទ្រង់នៅទីនេះមិនត្រឹមតែជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី រួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍តភ្ជាប់ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ។

លោក ក៏បានបន្ថែមថា ប៉ុន្តែក៏នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបម្រើនិងផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព, បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ, និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជានិយាយជារួម និងមកកាន់ខេត្តព្រះសីហនុ និយាយដោយឡែកឱ្យមកលេងកំសាន្តកាន់តែច្រើន និងពន្យាការស្នាក់នៅកាន់តែយូរថ្ងៃថែមទៀតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)