Register Already an agent ? Login

ភ្ញៀវអន្តរជាតិមកលេងកម្ពុជាប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ក្នុងឆមាសទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ឆ្នាំមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន ១១.១លាននាក់។ នេះបើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាមានប្រមាណ ២.៥៧លាននាក់ កើនឡើង ៤០៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ ​លោក ថោង ខុន។

លោក ​ថោង ខុន បានបន្តថា ក្នុងនោះផ្លូវអាកាសមានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩% ផ្លូវគោកមានចំនួន ១.៦៣លាននាក់ កើនឡើង ៥២៦% និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦%។

លោក បានបញ្ជាក់ថា ចំពោះប្រភពទីផ្សារសំខាន់ៗមាន៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី។

រដ្ឋ​មន្រ្តីក្រសួងទេសចរណ៍ បានបន្តឱ្យដឹងថា ជើងហោះហើរអន្តរជាតិចូលសរុប ១០,៦៣៥ជើង ក្នុងនោះ៖

- អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) ៧,៩៥៣ជើង

- អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP ២,៤២៧ជើង

- អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) ២៥៥ជើង។

យោងតាមការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២។ បើតាមការបន្ថែមរបស់ លោក ថោង ខុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)