Register Already an agent ? Login

កម្ពុជា រកចំណូលបានជាង ១៨លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិចូលទស្សនាកម្សាន្ត​រមណីយដ្ឋាន​ទាំង៣

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គ្រឹះស្ថាន​អង្គរ រកចំណូលបានជាង ១៨,២៦៥,៨៩៣ដុល្លារ ពីការលក់សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​កម្សាន្ត​រមណីយដ្ឋាន​ទាំង៣ រួមមាន៖ មណីយ​ដ្ឋា​ន​អង្គរ​ ប្រាសាទ​កោះកែរ​ និង​លក់​សំបុត្រ​ទូក នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថាន​អង្គរ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្នុងចំណោមទាំង៣កន្លែង គឺមណីយ​ដ្ឋា​ន​អង្គរ​ បានលក់សំបុត្របានច្រើនជាងគេទទួលបានចំណូល ១៧,៨៧៧,៤១៨ដុល្លារ ដែលមានភ្ញៀវសរុប ៣៨៥,៧៦៩នាក់ កើនឡើង ៥៤៣,១៣% បើធៀបនឹងឆ្នាំ២០២២។ សម្រាប់ ​ប្រាក់​ទទួលបាន​ពី​ភ្ញៀវ​ទិញ​សំបុត្រ​ចូល​ប្រាសាទ​កោះកែរមានចំនួន ៩៥ ៥៣៥ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ២៩២ ៩៤០​ដុល្លារ។

ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរ​ទេស​ប្រមាណ ២,៥៧​លាន​នាក់ កើន​​ឡើង ៤០៩% ​បើ​ធៀប​នឹងគ្រា​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន​ ៥០៦ ៧៦២​នាក់​។ បើតាមការថ្លែងរបស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២៣។

លោក បានបន្តថា ក្នុងចំណោម​ភ្ញៀវ​ទាំង ២,៥៧​លាន​នាក់ គឺ​ភ្ញៀវ​តាមផ្លូវ​គោក មាន​ចំនួន ១,៦៣លាន​នាក់ កើនឡើង ៥២៦%​, ផ្លូវអាកាស ៩១០ ០០០នាក់ កើនឡើង ២៧៩% និង​ផ្លូវទឹក ៣០ ០០០នាក់ កើនឡើង ៥៨៦​%​។

សូមរម្លឹកថា កាលពី​ឆ្នាំ​២០២២ គ្រឹះស្ថាន​អង្គរ រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន ​១១ ៧៨៣ ៩១៦លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​ចំនួន ១១ ៥២៨ ១៥៨ដុល្លារ​, កោះកែរ ៩០ ៤៥០ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ១៦៥ ៣០៨​ដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)